សម្តេច ហេង សំរិន ​ដឹកនាំ​គណៈប្រតិភូ​សភា ​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​(APPF) នៅ​ប្រទេស​អូ​ស្រា្ត​លី ដោយ​សុវត្ថិភាព

(ភ្នំពេញ)៖ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ត្រឡប់​ពី​ការចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៨ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា​(APPF) នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​វិញ ដោយ​សុវត្ថិភាព និង​ជោគជ័យ​។​

APPF បាន​ដំណើរការ​កិច្ចប្រជុំ​របស់ខ្លួន ក្រោម​មូលបទ «​ភាពជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​» ដោយមាន​គណៈប្រតិភូ​ស​ភា​ជា​សមាជិក​APPF ចំនួន​២០​ប្រទេស និង​ប្រទេស​សង្កេតការណ៍ ចំនួន​១០ មាន​ចំនួន​គណៈប្រតិភូ​ជាង ៣៥០​នាក់ បាន​ចូលរួម​កិច្ចប្រជុំ​។

​សម្តេច​ប្រធានរដ្ឋសភា ត្រូវបាន​សភា​ប្រទេស​អូស្ត្រាលី ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ និង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​។ សភា​ប្រទេស​អូស្ត្រាលី និង​ប្រតិភូ​ដែល​បាន​ចូលរួម បាន​សម្តែង​ការកោតសរសើរ​ចំពោះ​សម្តេច ដែល​បាន​ដឹកនាំ​សភា​កម្ពុជា រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ កាលពី​ឆ្នាំ​កន្លងទៅ នៅ​ខេត្តសៀមរាប បានទទួល​ជោគជ័យ ហើយ​ជោគជ័យ​នៅ​កម្ពុជា​នោះ ធ្វើ​ឲ្យ​ការប្រជុំ​របស់​APPF កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​។​

​កំឡុងពេល​ចូលរួម​កិច្ចប្រជុំ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​អូស្ត្រាលី ដើម្បី​ជំរុញ​ទំនាក់ទំនង​សភា និង​ស្នើសុំ​អូស្ត្រាលី​ជូ​យ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុ​ជា ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។ សម្តេច​ក៏បាន​ស្នើសុំ​អូស្ត្រាលី​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​រាជការ​និង​និស្សិត​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​។

​ក្រៅពីនេះ សម្តេច​ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​ប្រធានរដ្ឋសភា​ប្រទេស​ឡាវ លោកជំទាវ​អនុប្រធានរដ្ឋសភា​ប្រទេស​វៀតណាម ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​និង​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​បច្ចុប្បន្នភាព​ពី​គ្នា​ទៅវិញទៅមក ក្នុងការ​ជំរុញ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងនាម​ប្រទេសជិតខាង​។​

​ចំពោះ​សមាជិក​គណៈប្រតិភូ​សភា​កម្ពុជា​វិញ បាន​ចូលប្រជុំ​ពិភាក្សា​នៅ​គ្រប់​កិច្ចប្រជុំ របស់​APPF ក្នុងនោះ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​និង​សន្តិសុខ ដឹកនាំ​ដោយ ឯកឧត្តម ឈាង វុន បាន​ចូលប្រជុំ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី ដឹកនាំ​ដោយ លោកជំទាវ បាន ស្រីមុំ បាន​ចូលប្រជុំ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច ដឹកនាំ​ដោយ ឯកឧត្តម សុខ សូ​កាន បាន​ចូលប្រជុំ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​តំបន់ ដឹកនាំ​ដោយ ឯកឧត្តម ខៀវ មុត បាន​ចូលប្រជុំ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​បូកសរុប​និង​សេចក្តីថ្លែងការណ៍ ដឹកនាំ​ដោយ ឯកឧត្តម ឈាង វុន និង​ឯកឧត្តម សុខ សូ​កាន បាន​ចូលប្រជុំ​។ ប្រតិភូ​សភា​កម្ពុជា​ក៏បាន​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​ព្រាង​សេចក្តីប្រកាស​រួម ដោយបាន​ផ្លាស់ប្តូរ​យោបល់​ជាមួយ​សមាជិក​APPF យ៉ាង​ផុលផុស​ផងដែរ​។​

​សូមជម្រាបថា កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៨ បាន​បិទ​បញ្ចប់​ដោយបាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​១៩ ដែល ជា​យន្តការ​មួយ​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើកកម្ពស់​តួនាទី​សភា​ក្នុង​ការពង្រឹង​សន្តិភាព​និង​សន្តិសុខ ការពង្រឹង​ស្ថាប័ន​ពហុភាគី ដើម្បី​អនុវត្ត​ពាណិជ្ជកម្ម​សេរី និង​រួមគ្នា​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្ពោះទៅរក​ការរីកចម្រើន ប្រកបដោយ​ចីរភាព និង​វិបុលភាព នៅក្នុង​តំបន់ និង​សកលលោក​។ កិច្ចប្រជុំ​APPF លើក​ទី​២៩ នឹង​ប្រារព្ធ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០២១ និង​នៅ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឆ្នាំ​២០២២៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com