ក្មេងស្រី​សិស្ស វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ៤​នាក់ ដែល​ព្រួត​គ្នា​វាយ និង​ជេរ​ក្មេងស្រី​សិស្សសាលា​ម្នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​!

(​ភ្នំពេញ​)៖ វីដេអូ​ខ្លី​ប​ខ្លី​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​ក្មេងស្រី​សិស្សសាលា​មួយក្រុម បាន​ព្រួត​គ្នា​វាយ ទាត់​ធាក់​សិស្សស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន និង​ជេរប្រទេច នៅ​ចំពោះមុខ​សិស្ស​ជាច្រើន​ទៀត ត្រូវបាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។

​តាម Facebook គេ​បានឃើញ​សារ​មហាជន ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួន​ក្រុម​ក្មេងស្រី​សិស្សសាលា ដែល​បាន​ព្រួត​គ្នា វាយ ទាត់​ធាក់ និង​ជេរប្រទេច​សិស្សស្រី​ម្នាក់ នោះ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រកឃើញថា សកម្មភាព​ហិង្សា បង្កឡើង​ដោយ​សិស្សស្រី​ទាំងនោះ បានកើត​ឡើង នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ចាត់វិធានការ​លើ​ករណី​នេះ ដោយ​ឃាត់ខ្លួន​ក្មេងស្រី​សិស្សសាលា​ទាំង ៤​នាក់ យកទៅ​អធិការនគរបាល​ខណ្ឌ​ចំការមន មុននឹង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នេះ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា សកម្មភាព​ទាត់​ធាក់​ក្មេងស្រី​ម្នាក់​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ទើប​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ដែល​ត្រូវគេ​វាយ​ទាត់​ធាក់ រៀន​ថ្នាក់​ទី​៨ ឈ្មោះ ស្រ៊ុន កែវ​មរកត អាយុ ១៦​ឆ្នាំ​។ ចំណែក​ក្រុម​ជនបង្ក មាន​គ្នា ៤​នាក់ រៀន​ថ្នាក់​ទី​៩ ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។ ក្មេងស្រី​នោះ បាន​ហៅ​បក្ខពួក​ពី​ខាងក្រៅ​វិទ្យាល័យ ចំនួន ៣​នាក់​ទៀត មក​ព្រួត​គ្នា វាយ​លើ​ក្មេងស្រី​រងគ្រោះ​។

សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ប៉ូលិសស្រុក​មេសាង ខេត្តព្រៃវែង បានចាប់​ក្មេងស្រីម្នាក់ ដែល​បានស្ទាក់គំរាមលើក្រុមក្មេងស្រីរងគ្រោះ ៤នាក់ ដោយសារតែរឿងជិះម៉ូតូ មើលមុខ ឌឺដងដាក់គ្នា​។ ការចាប់ខ្លួនក្មេងស្រី អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យមេសាងនោះ បានកើតឡើង​បន្ទាប់ពីមានការបង្ហោះខ្លីបវិដេអូតាមហ្វេសប៊ុក អំពី​សកម្មភាព ដែលក្មេងស្រី​ទំនើងនោះ បានស្ទាក់គំរាម​លើក្រុមក្មេងស្រីរងគ្រោះ នៅតាមផ្លូវ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com