មេធាវី​៖ សំណុំរឿង​លោក កឹម សុខា មិនមែនជា​រឿង​នយោបាយ​ទេ​!

(​ភ្នំពេញ​)៖ បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​ជំនុំជម្រះ នៅ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោងជាង ១២ រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​ក្រុមអ្នកកាសែត​ថា សំណុំ​រឿងក្តី​របស់លោក កឹម សុខា ដែល​តុលាការ​កំពុងបើក​សវនាកា​រ​ជំនុំជម្រះ​នេះ គឺជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ មិនមែនជា​រឿង​នយោបាយ​នោះទេ​។​

​លោក​មេធាវី គី តិច បញ្ជាក់ថា «​ដំណើរការ​នៃ​រឿងក្តី​នេះ គឺជា​រឿងក្តី​ព្រហ្មទណ្ឌ​សុទ្ធសាធ​។ សូមបញ្ជាក់​ជូន​ថា មិនមែនជា​រឿង​នយោបាយ​ទេ​។ សូម​បងប្អូន​អ្នកសារព័ត៌មាន​ស្តាប់​ខ្ញុំ ហើយ​ជ្រាប​ទាំងអស់គ្នា​។ ជាក់ស្តែង ភាគី​ទាំងអស់ បាន​ចូលរួម​សវនាការ ទទួលស្គាល់​ការដឹកនាំ​ធ្វើ​សវនាការ ដោយ​សាលាដំបូង រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ជំនុំជម្រះ​។ ទាំង​ភាគី​មេធាវី​ការពារ​ជនជាប់ចោទ ទាំង​ជនជាប់ចោទ ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី ចូលរួម​សហការ តាម​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បានន័យថា ទទួលស្គាល់​សំណុំ​រឿងនេះ ជា​សំណុំរឿង​ព្រហ្មទណ្ឌ​។ លទ្ធផល​យ៉ាងណា យើង​នឹង​ឃើញ​ទាំងអស់គ្នា នៅពេល​ខាងមុខ​»​។​

​លោក​មេធាវី គី តិច បាន​អះអាង​បន្ថែមថា ខាង​ក្រុម​មេធាវី​របស់លោក មាន​ភស្តុតាង​ច្រើនណាស់ រហូតដល់​ទៅ ២ ទៅ ៣ វ៉ា​លី​ធំៗ​។ ភស្តុតាង​ទាំងនេះ នឹង​បង្ហាញជូន​តាម​ដំណាក់កាល​។ យើង​នឹងដាក់​ភស្តុតាង​ទាំងអស់​ហ្នឹង ទៅតាម​ដំណាក់កាល​នីមួយៗ​។ ដូច្នេះ​យើងទាំងអស់គ្នា រង់ចាំ​មើល ថា​តើ​ទីបញ្ចប់ ជនជាប់ចោទ កឹម សុខា នឹងត្រូវ​បានសម្រេច​យ៉ាងម៉េច​? ផ្ត​ន្តា​ទោស​យ៉ាងម៉េច​?

​លោក​មេធាវី គី តិច បានបញ្ជាក់​ជាថ្មី​ថា សំណុំ​រឿងក្តី​របស់លោក​កឹម​សុខា ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យកមក​ជំនុំជម្រះ​នៅពេលនេះ មិនមែនជា​រឿង​នយោបាយ ដូច​ការលើកឡើង​រប​ស់​ភាគី​ណាមួយ​នោះទេ​។ ការ​លើកឡើងថា រឿងក្តី​នេះ ជា​រឿង​នយោបាយ គឺ​គ្រាន់តែ​ជាការ​បង្វែរ​ការពិត​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​អំពើ​ក្បត់ជាតិ បាន​ធ្វើឡើង​រយៈពេល ១​ថ្ងៃ​កន្លះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៥ និង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ សវនាការ ជំនុំជម្រះ​នេះ នឹង​បន្តធ្វើ​នៅ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។​

​ក្នុង​សវនាការ​រយៈពេល ១​ថ្ងៃ​កន្លះ​នេះ លោក កឹម សុខា បាន​ចូលរួម​សវនាការ ជាមួយ​ក្រុម​មេធាវី​របស់លោក និង​ឆ្លើយ​នូវ​ការសួរដេញដោល​ក្នុង​សវនាការ ក្រោម​ក្រសែភ្នែក តាមដាន​ដោយផ្ទាល់​ពី​មន្ត្រី​តំណាង​ស្ថានទូត និង​អង្គការ​ជាតិ​-​អន្តរជាតិ​។ ប៉ុន្តែ​អ្នកកាសែត និង​សាធារណជន​ជាច្រើន​ទៀត មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចូលរួម​តាមដាន​សវនាការ​ដោយផ្ទាល់​ឡើយ ដោយសារតែ​តុលាការ បញ្ជាក់ថា បន្ទប់​សវនាការ​តូចចង្អៀត​។​

​នៅពេល​ចាប់ផ្តើម​សវនាការ ជំនុំជម្រះ កាលពី​ថ្ងៃទី​១៥ ខែមករា អង្គ​សវនាការ បានបង្ហាញ​វិ​ដេ​អូ​ខ្លី​ប ដែល​លោក កឹម សុខា បានលើកឡើង​ពី​ការធ្វើ​តាម​ផែនការ​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់ ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ខ្លី​ប​វិ​ដេ​អូ​នោះ ត្រូវបាន​លោក កឹម សុខា ទទួលស្គាល់ថា ពិតជា​សំឡេង និង​រូប​របស់លោក​។ តែ​លោក កឹម សុខា អះអាងថា មាន​រយៈពេល​ខ្លី ហើយ​លោក​កឹម​សុខា និង​មេធាវី​របស់លោក ក៏បាន​ដាក់​ភស្តុតាង​ថ្មី ជា​វិ​ដេ​អូ ក្នុង USB ដែល​អះអាងថា ជា​ខ្លី​ប​វិ​ដេ​អូ រយៈពេល​ជាង ១​ម៉ោង បង្ហាញ​ពី​ការលើកឡើង​របស់លោក ដែលជា​ដើមចម នាំ​ដល់​ការចោទប្រកាន់ និង​ចាប់ឃុំខ្លួន​រូបលោក កាលពី​យប់​ថ្ងៃទី​០២ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

​សូម​រម្លឹកថា សំណុំ​រឿងក្តី​របស់លោក​កឹម​សុខា ត្រូវបាន​មេធាវី​របស់​រាជរដ្ឋាភិបាល លោក​មេធាវី គី តិច អះអាងថា យ៉ាងហោចណាស់ មាន​ប្រទេស​ចំនួន ៩ ពាក់ព័ន្ធ រួមមាន ឥណ្ឌូណេស៊ី យូ​ហ្គោ​ស្លា​វី ស៊ែ​ប៊ី អូស្ត្រាលី អាមេរិក កាណាដា សហភាព​អឺរ៉ុប តៃវ៉ាន់ និង​ប្រទេស​ឥណ្ឌា​។ ​ក្រៅពីនេះ ក៏មាន​ពាក់ព័ន្ធ​អង្គការ​អន្តរជាតិ និង​បុគ្គល​ជា​ជនបរទេស​មួយចំនួន​ទៀត​ដែរ​។​

​តាម​គម្រោង​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿងក្តី​របស់លោក​កឹម​សុខា អាច​នឹង​ប្រើប្រាស់​យូរ ហើយ​តាម​ការផ្សព្វផ្សាយ​កន្លង​មក គឺអាច​នឹង​ត្រូវការ​ពេលវេលា​ដល់​ទៅ ៣​ខែ​៕​

( រូបថតលោកមេធាវី គី តិច ផ្តល់សម្ភាសន៍ដល់ក្រុមអ្នកកាសែត នៅរសៀលថ្ងៃទី១៦មករា ឆ្នាំ២០២០ ( រូបថតពី Fresh News ) )


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង