តំណាងរាស្ត្រ​ជប៉ុន ​ប្តេជ្ញាជួយដល់ស៊ីម៉ាក់ ដើម្បីសម្រេចតាមផែនការបោសសំអាតមីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ

(ភ្នំពេញ)៖ តំណាងរាស្ត្រ​មកពីប្រទេសជប៉ុន បានប្តេជ្ញា បន្តជួយដល់ប្រតិបត្តិការរបស់ ស៊ីម៉ាក់​ឲ្យដំណើរទៅបន្តទៀត ​ដើម្បីចូលរួមធ្វើការបោសសំអាតមីន ទៅតាមផែនការ ដែលបានគ្រោងទុក។ ការបញ្ជាក់​នេះ ត្រូវបានធ្វើឡើង គ្រាដែល​តំណាងរាស្ត្រមកពីប្រទេសជប៉ុន ដឹកនាំដោយឯកឧត្តម​ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ធ្វើទស្សនកិច្ច នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៥ មករា​។

ប្រធានសម្ព័ន្ធមិត្តភាព​សភាជប៉ុន-កម្ពុជា ឯកឧត្តម​ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ជាមួយ​នឹងភរិយា និងកូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អូប៊ូហ្ស៊ី កៃហ្សូObochi Keizo បានមកធ្វើ​ទស្សនកិច្ច​ នៅស៊ីម៉ាក់ ក្នុង​រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រតិបត្តិការ និងពិនិត្យលទ្ធភាពក្នុងការជួយដល់​ប្រតិបត្តិការ​របស់ស៊ីម៉ាក់។

នៅក្នុងជំនួបនេះ ឯ.ឧ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ជូន ឯ.ឧ អគ្គនាយកស៊ីម៉ាក់ ហេង រតនា ថា លោកនឹងធ្វើរបាយការណ៏មួយទៅនាយករដ្ឋមន្ត្រីជប៉ុន ឯ.ឧ ស៊ីហ្សូ អាបេ នៅពេលត្រលប់ទៅកាន់ប្រទេសជប៉ុន ពីតម្រូវការចាំបាច់នានា របស់ស៊ីម៉ាក់។ ឯ.ឧ បានប្តេជ្ញាចិត្តថា នឹងជួយដល់ស៊ីម៉ាក់ ក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតមីន ទៅតាមផែនការដែលបានគ្រោងទុក។ ឯ.ឧ បានទទួលស្គាល់ និងកោតសរសើរកម្ពុជា ដែលប្រែក្លាយពីប្រទេសពីសង្គ្រាមស៊ីវិល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រហូតមានការអភិវឌ្ឍយ៉ាងលឿនរហ័ស។

គេនៅចាំបានថា អតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូហ្ស៊ី  ជាមួយភរិយា ដែលធ្លាប់មកបំពេញទស្សន​កិច្ចនៅ​កម្ពុជាក្នុងឆ្នាំ២០០០ បានបង្ហាញបំណងធំរបស់លោក គឺចង់ឲ្យកម្ពុជាក្លាយជាប្រទេសគ្មា​នគ្រាប់​មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ប៉ុន្តែលោកបានទទួលមណរភាព ដោយមិន​ទាន់ឃើញសកម្មភាពដ៏សកម្មរបស់ស៊ីម៉ាក់ ក្នុងកិច្ចប្រតិបត្តិការ​បោស​សំអាតមីន។

២០ឆ្នាំក្រោយ កូនស្រី និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានមកដល់ស៊ីម៉ាក់ម្តងទៀត និងបានសន្យាជួយដល់កម្ពុជា ដើម្បី សម្រេចបំណងរបស់ឪពុក។

គួរបញ្ជាក់ដែថា ជប៉ុនបានក្លាយជាប្រទេស ដែលផ្តល់ជំនួយធំជាងបំផុត ក្នុងការប្រតិបត្តិការ​បោសសំអាតមីន តាំងពីទសវត្សឆ្នាំ១៩៩០មក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់។

គិតមកដល់ពេលនេះ ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជា​ ដើម្បីធ្វើការបោស​សំអាតមីន មានរហូតជាង ១២០លានដុល្លារអាមេរិក ជាមួយនឹងការផ្តល់គ្រឿង​ចក្របោស​សំអាតមីនជាច្រើនគ្រឿង។ ពិសេស​ជប៉ុន សន្យានឹងបន្តផ្តល់ជំនួយ​ដល់ប្រតិបត្តិការរបស់ស៊ីម៉ាក់ ក្នុងឆ្នាំ​២០២០នេះផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com