កម្ពុជាស្នើឲ្យរដ្ឋាភិបាល​បង់ក្លាដេស​ ជំរុញអ្នកវិនិយោគ​មកបណ្ដាក់ទុន​នៅកម្ពុជា​

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានស្នើឲ្យរដ្ឋា​ភិបាល និងរដ្ឋសភាបង់ក្លាដេស ជួយជំរុញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាឱ្យច្រើន ថែមទៀត ព្រោះថា​​កម្ពុជាមានសក្ដានុពល​សម្រាប់ការវិនិយោគ និងមានលក្ខខណ្ឌអំណោយផលជាច្រើន។

ការស្នើនេះ ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្ដម មហាមាត់ ហ្វារុកខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅ​កម្ពុជា​ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមបានបន្តថា កម្ពុជាមានស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានកំលាំង​ពលកម្មវ័យក្មេងសម្បូរបែប ក្នុងនោះអ្នកមានអាយុ៣៥ឆ្នាំចុះ មាន៧២% នៃប្រជាជនសរុប។ ឯក​ឧត្តម ​ងួន ញ៉ិល ក៏បានស្នើឯកឧត្តមប្រធានគណៈប្រតិភូ ជួយជំរុញអ្នកទេសចរណ៍បង់ក្លាដេស មកទស្សនាប្រទេសកម្ពុជាឱ្យច្រើន ថែមទៀត ព្រោះ​ថា​បច្ចុប្បន្ន​ប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានសក្ដានុពលខាងវិស័យទេសចរណ៍។

ក្នុងជំនួបនេះដែរ ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងបង់ក្លាដេស នៅពេលបច្ចុប្បន្នក៏ដូចជាកន្លងមក ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

ឯកឧត្តមប្រធានគណៈប្រតិភូ បានមានប្រសាសន៍កត់សម្គាល់ពីការរីកចម្រើនវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ កម្ពុជា និងបង់ក្លាដេស គឺស្ថិតនៅក្នុងកំណើនជាង៧%ដូចគ្នា និងសង្ឃឹមជឿជាក់ថាកំណើននេះ នឹងបន្តរីកចម្រើនថែមទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com