បន្ទាប់ពី​ដំណើរការ​កិច្ចប្រជុំ ៣​ខែ អនុម័ត​បាន ២០​ច្បាប់​រួចមក រដ្ឋសភា វ៉ា​កង​ធំ ៣​ខែ​

(​ភ្នំពេញ​)៖ សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦ បានចាប់ផ្តើម​ដំណើរការ កាលពី​ថ្ងៃ​សុក្រ ទី​០៤ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​សៅរ៍ ទី​០៤ ខែមករា ឆ្នាំ​២០២០ មាន​រយៈពេល ៣​ខែ​ហើយ​។ ក្នុង​រយៈពេល ៣​ខែ​នេះ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់ បាន​ចំនួន ២០ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​។ ចំណែក​ថ្នាក់ដឹកនាំ និង​សមាជិក​រដ្ឋសភា ក៏បាន​ចុះ​មូលដ្ឋាន​សួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ហើយ​ព្រមទាំង​បាន​បំពេញការងារ​ការទូត​សភា ដើម្បី​បង្កើន​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ទៀតផង​។​

​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា លើកឡើងថា អនុលោម​តាម​មាត្រា ៨៣ វាក្យខណ្ឌ​ទី​២ កថាខណ្ឌ​ទី​១ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ​១ វាក្យខណ្ឌ​ទី​២ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ចែងថា «​សម័យប្រជុំ​រដ្ឋសភា​នីមួយៗ មាន​ថិរវេលា​យ៉ាងតិច​បី​ខែ​»​។​

​សេចក្តីប្រកាស ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា «​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦ ត្រូវ​បិទ​នៅ​ថ្ងៃ​សៅរ៍ ១០ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ​»។

​សម័យប្រជុំ រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦ បានអនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន ២០ រួមមាន​៖
១- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តីពី​បុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​។​
២- ច្បាប់​ស្តីពី សំណង់​។​
៣- ច្បាប់​ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
៤- ច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​។​
៥- ច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម​។​
៦- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​
៧- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៨- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ឆ្លងកាត់​។​
៩- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
១០- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​
១១- ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​
១២- ច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​
១៣- ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​។​
១៤- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។
១៥- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង​។
១៦- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់ គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ​។
១៧- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី​(​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​។​
១៨- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។
១៩- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេកុង ផៅ​វ័រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​
២០- ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សេកុង សឺ​មម័ល ផៅ​វ័រ ផ្លេ​ន ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com