ស.ស.យ.ក ខេត្តពោធិសាត់ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជនឆ្នើមឆ្នាំ២០២០ អបអរសាទរខួបលើកទី៤១ ជ័យជំនះ៧ មករា

(ពោធិសាត់)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ សហភាពសហពន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិសាត់ បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់យុវជនឆ្នើមឆ្នាំ២០២០ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២០។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម​​​ និងសិប្បកម្ម និងជាប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់។

បន្ទាប់ពីការប្រកួតយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាក្រុង ស្រុក តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មក យុវជនឆ្នើមចំនួន១០រូប ត្រូវបានយកមកប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសយកបេក្ខជន៦នាក់ និង៣នាក់ចុងក្រោយ ដោយតម្រូវឲ្យសរសេរគម្រោងមួយ ដែលអាចលេចធ្លោជាងគេក្នុងសហគមន៍នៅឆ្នាំ២០២០ និងមានសំណួរសរសេរ និងឆ្លើយផ្ទាល់មាត់ ដើម្បីការពារគម្រោងរបស់ខ្លួន។

លទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ គឹចំណាត់ថ្នាក់លេខ១ បានទៅលើលោក ជា សាវី មកពីស្រុកតាលោសែនជ័យ ដែលលើកយកប្រធានបទ សាមគ្គីមនុស្សធម៌ ក្នុងបរិបទសុខសន្តិភាព។

ចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញា យូ គឹមថារ៉ាវ៉ាន់ មកពីស្រុកក្រគរ ដែលលើកយកប្រធានបទ ការសម្អាតសំរាមនៅក្នុងសហគមន៍។

ចំណាត់ថ្នាក់លេខ៣ បានទៅលើលោក ពេញ ពន មកពីស្រុកក្រគរ ដែលលើកយកប្រធានបទ ការចិញ្ចឹមមាន់ស្រុកបែបអាជីវកម្មក្នុងសហគមន៍ ផែនករអភិវឌ្ឍ ស.ស.យ.ក។

ក្នុងនោះបេក្ខជនលេខ១ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់មួយលានរៀល, លេខ២ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់៦០ម៉ឺនរៀល, លេខ៣ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់៤០ម៉ឺនរៀល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង