ក្រុមសង្គ្រោះ ជួយជីវិតសត្វឆ្កែមួយក្បាល ជាប់គាំងនៅក្នុងគំនរបែកបាក់ អគារ៦ជាន់រលំរាបដល់ដី នៅខេត្តកែប

(កែប)៖ នៅវេលាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមជួយសង្គ្រោះរបស់រាជរដ្ឋាភិបាល បានជួយជីវិតសត្វឆ្កែមួយក្បាល ជាប់គាំងនៅក្នុងគំនរបែកបាក់ អគារកម្ពស់៦ជាន់រលំរាបដល់ដី នៅក្នុងខេត្តកែប។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវេលាម៉ោងជាង២ រំលងអាធ្រាត្រ ឈាងចូលថ្ងៃទី០៥ ខែធ្នូនេះ បានបង្ហោះរូបថតសត្វឆ្កែមួយក្បាល ដែលក្រុមជួយសង្គ្រាះទើបយកចេញពីគំនរបេតុងបាក់សង្កត់ ដោយសរសេរសារយ៉ាងខ្លីថា សត្វនេះនៅសល់ជីវិត ក្នុងគំនរបែកអស់រយៈពេលជាច្រើនម៉ោង។

ឯកឧត្តមបានសរសេរដូច្នេះថា  «គួរឲ្យស្រឡាញ់ ទើបសង្រ្គោះបាន នៅជាប់ក្នុងគំនរបាក់បែក អស់រយៈពេល៣៣ម៉ោង»។

​សូម​រម្លឹកថា កាលពី​ម៉ោង៤ និង១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ អគារកម្ពស់៦​ជាន់ ដែល​កំពុង​សាងសង់ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​ទាំងស្រុង​ ដោយធ្វើឲ្យមនុស្សយ៉ាងហោចណាស់ មាន​មនុស្ស​ពី២០ ទៅ៣០​នាក់ បាន​ជាប់​ក្នុង​គំនរ​បាក់​រលំ​នេះ។​

​ប្រតិបត្តិការ​ជួយសង្គ្រោះ ក៏ត្រូវ​បានធ្វើ​ឡើង​ភ្លាមៗ ហើយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញដំណើរ​ទាំង​យប់ ពី​ភ្នំពេញ ទៅកាន់​កន្លែង​បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដើម្បី​ដឹកនាំបញ្ជា​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយផ្ទាល់​។​

​រហូតដល់​ម៉ោង៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ នាយក​រដ្ឋបាលខេត្ត​កែប លោក អ៊ឹង រិទ្ធី បានបញ្ជាក់​ប្រាប់ Swift News ថា ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ បាន​រុក​រកឃើញ​ជនរងគ្រោះ នៅក្រោម​គំនរ​អគារ​បាក់​រលំ សរុប២៥​នាក់ ( ស្ត្រី០៩​នាក់  ដែលក្នុងនេះអ្នករបួសធ្ងន់ និង​ស្រាល មាន​ចំនួន២០​នាក់ ជាស្រី០៦​នាក់ ចំណែក​ជនរងគ្រោះ បាត់បង់​ជីវិត មាន​ចំនួន០៥​នាក់ ជាស្រី០៣​នាក់ )​។​

​ប៉ុន្តែនៅ​ម៉ោងជាង៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក៏មាន​សេចក្តីរាយការណ៍​ពីកន្លែងកើតហេតុមក​ថា ក្រុម​អ្នក​ជួយសង្គ្រោះ បាន​យកចេញ​នូវ​សាកសព​ស្ត្រី២​នាក់​ទៀត​។ ដូច្នេះ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ខេត្ត​កែប កើនឡើង​ដល់៧​នាក់៕ SN ផាន់ អាណា

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង