BREAKING NEWS៖ មកដល់​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤​មករា​នេះ រកឃើញ​សាកសព ២​នាក់​ថែមទៀត នៅ​គំនរ​អគារ​បាក់​រលំ នៅ​ខេត្ត​កែប នាំ​ឲ្យ​ចំនួន​អ្នកស្លាប់ កើន​ដល់ ៧​នាក់​

(​ខេត្ត​កែប​)៖ មកដល់​ម៉ោងជាង ៥​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក្រុម​ជួយសង្គ្រោះ បាន​រកឃើញ​សព ២​នាក់​ថែម ជា​មនុស្ស​ស្រី​ទាំង​២​នាក់​។ ដូច្នេះ​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប កើន​ដល់ ៧​នាក់​ហើយ​។​

​កាលពី​ម៉ោង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាល សាលាខេត្ត​កែប បាន​ប្រាប់ Swift News ថា មកដល់​ម៉ោង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក្រុម​ប្រ​ត្តិ​ប​ត្តិ​ការជួយ​សង្គ្រោះ បាន​រុក​រកឃើញ​ជនរងគ្រោះ​សរុប​ចំនួន ២៥​នាក់ ( ស្ត្រី ០៩​នាក់ )​។ ក្នុងនោះ អ្នករបួសធ្ងន់ និង​ស្រាល មាន​ចំនួន ២០​នាក់ ( ស្រី ០៦​នាក់ ) និង​ជនរងគ្រោះ បាត់បង់​ជីវិត មាន​ចំនួន ០៥​នាក់ ( ស្រី ០៣​នាក់ )​។​

​ជាមួយនឹង​ការបញ្ជាក់​ជាថ្មីទៀត ពី​ចំនួន​ជនរងគ្រោះ ដែល​យក​ចេញពី​គំនរ​អគារ​បាក់បែក លោកនាយក​រដ្ឋបាល អ៊ឹង វុទ្ធី ក៏បាន​បន្ថែមថា សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ របស់​កងកម្លាំង​ជួយសង្គ្រោះ​ចម្រុះ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង នៅតែ​បន្ត​សង្គ្រោះ​ទាំងយប់ ទាំង​ថ្ងៃ រហូតដល់​យក​ជនរ​ង​គ្រោះ ចេញ​អស់ពី​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ​។​

​សូម​រម្លឹកថា កាលពី​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ អគារ​កម្ពស់ ៦​ជាន់ ដែល​កំពុង​សាងសង់ ស្ថិតនៅ​តាមផ្លូវ​ឡើងទៅ​មណ្ឌល​វិប្បសនាធុរៈ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​ទាំងស្រុង​។ យ៉ាងហោចណាស់ ក៏មាន​កម្មករ ដែល​កំពុងធ្វើការ ក្នុង​ការដ្ឋាន​នោះ ពី ២០ ទៅ ៣០​នាក់​។

​ភ្លាមៗ ប្រតិបត្តិការ​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​ជាបន្ទាន់ ដោយមាន​វត្តមាន​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​កែប ទាំងយប់​ផងដែរ​។

​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​នេះ គិតដល់​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សប្បុរសជន ១២​រូប និង​ក្រុមហ៊ុន ចំនួន ៣ បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប ១ ៤០១ ០០០ ដុល្លារ​អាមេរិក តាមរយៈ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ និង​ជួយ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បែងចែក ផ្តល់​ឲ្យ​ជនរងគ្រោះ ដែល​ស្លាប់ ម្នាក់ ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល រីឯ​អ្នករបួស ទទួលបាន ១​ម៉ឺន​ដុល្លារ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង