ទ.ទ.ក៖ មកដល់​ម៉ោង​ជិត ៣​រសៀល ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ជនរងគ្រោះ ២៧​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​អគារ​បាក់​រលំ នៅ​ខេត្ត​កែប ក្នុងនោះ ៧​នាក់ ស្លាប់

(ភ្នំពេញ)៖ រដ្ឋបាលសាលាខេត្តកែប បានផ្សាយថា នៅម៉ោង៤:១៤នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មានជនរងគ្រោះយ៉ាងហោចណាស់ ២៥នាក់ ត្រូវបានក្រុមសង្គ្រោះ ជួយយកចេញ​ពីគំនរ​អគារ​បាក់រលំ នៅខេត្តកែប និងមាន៥នាក់ ស្លាប់។

យ៉ាងណាក៏ដោយ ប្រតិបត្តិការរុករក ជួយសង្គ្រោះជនរងគ្រោះ នៅតែបន្ត ដោយអាជ្ញាធរខេត្តកែប បានប្រកាសនៅរសៀលថ្ងៃទី០៤មករានេះថា នឹងធ្វើឡើងដោយគ្មានកំណត់ ខណៈដែលប្រតិបត្តិការកាយរុករក សម្រេចបានប្រមាណ ៣០%ហើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបន្តដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការរុករក សង្គ្រោះជនរងគ្រោះ នៅគំនរបាក់រលំ បន្ទាប់ពីសម្តេចតេជោ អញ្ជើញធ្វើដំណើរទាំងយប់ ចេញពីភ្នំពេញ ទៅកាន់ខេត្តកែប ក្រោយហេតុការណ៍បាក់រលំអគារ កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

សូមរម្លឹកថា កាលពីម៉ោងជាង ២រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីកន្លែងបាក់រលំអគារ ៦ជាន់ នៅខេត្តកែប ទៅកាន់មន្ទីរពេទ្យខេត្តកែប ដោយសម្តេចជួបសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភដោយផ្ទាល់ ជូនជនរងគ្រោះ ដែលកំពុងដេកសម្រាកព្យាបាល។ ក្នុងនោះ ជនរងគ្រោះម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ១ម៉ឺនដុល្លារ។

សូមរម្លឹកថា កាលពីម៉ោងជាង ៤ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អគារកម្ពស់ ៦ជាន់ ដែលកំពុងសាងសង់ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំទាំងស្រុង។

ភ្លាមៗ ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានធ្វើឡើងជាបន្ទាន់ ដោយមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញពីភ្នំពេញ ទៅកាន់ខេត្តកែប ទាំងយប់ផងដែរ។

ចំពោះហេតុការណ៍បាក់រលំអគារ ៦ជាន់ នៅខេត្តកែបនេះ គិតត្រឹមម៉ោងជិត ២ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សប្បុរសជន ១២រូប និងក្រុមហ៊ុន ចំនួន៣ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ១ ៤០១ ០០០ ដុល្លារអាមេរិក តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ជួយដល់ប្រតិបត្តិការ និងជួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ ៦ជាន់ នៅខេត្តកែប។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែងចែក ផ្តល់ឲ្យជនរងគ្រោះ ដែលស្លាប់ ម្នាក់ ៥ម៉ឺនដុល្លារ និង ១០លានរៀល រីឯអ្នករបួស ទទួលបាន ១ម៉ឺនដុល្លារ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com