សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​អ្នករបួស ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ កាលពី​ម៉ោងជាង ២​រសៀល ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញពី​កន្លែង​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​កែប ដោយ​សម្តេច​ជួប​សុខទុក្ខ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដោយផ្ទាល់​ជូន​ជនរងគ្រោះ ដែល​កំពុង​ដេក​សម្រាក​ព្យាបាល​។ ក្នុងនោះ ជនរងគ្រោះ​ម្នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ១​ម៉ឺន​ដុល្លារ​។

​សូម​រម្លឹកថា កាលពី​ម៉ោងជាង ៤​ល្ងាច ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ អគារ​កម្ពស់ ៦​ជាន់ ដែល​កំពុង​សាងសង់ ស្ថិតនៅ​តាមផ្លូវ​ឡើងទៅ​មណ្ឌល​វិប្បសនាធុរៈ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​ទាំងស្រុង​។ យ៉ាងហោចណាស់ ក៏មាន​កម្មករ ដែល​កំពុងធ្វើការ ក្នុង​ការដ្ឋាន​នោះ ពី ២០ ទៅ ៣០​នាក់​។

​ភ្លាមៗ ប្រតិបត្តិការ​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​ជាបន្ទាន់ ដោយមាន​វត្តមាន​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​កែប ទាំងយប់​ផងដែរ​។

​គិត​ត្រឹម​រសៀល​ម៉ោងជាង ២ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរខេត្ត​កែប បានប្រកាសថា មាន​ជនរងគ្រោះ ២៣​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​អគារ​បាក់​រលំ ក្នុងនោះ មាន ៥​នាក់ ស្លាប់​។ ប្រតិបត្តិការ​នៅតែ​បន្ត ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​នេះ គិត​ត្រឹម​ម៉ោង​ជិត ២ រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សប្បុរសជន ១២​រូប និង​ក្រុមហ៊ុន ចំនួន ៣ បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប ១ ៤០១ ០០០ ដុល្លារ​អាមេរិក តាមរយៈ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ និង​ជួយ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បែងចែក ផ្តល់​ឲ្យ​ជនរងគ្រោះ ដែល​ស្លាប់ ម្នាក់ ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល រីឯ​អ្នករបួស ទទួលបាន ១​ម៉ឺន​ដុល្លារ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង