អភិបាលខេត្តកំពង់ចាម ណែនាំកីឡាករឲ្យប្រឹងហាត់ ដើម្បីចូលរួមប្រកួតនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នាំ​២០២០​នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតី បេីកការប្រកួតកីឡាមហាជនជ្រើសរើសជេីងឯកកីឡាទូទាំងខេត្ត​កំពង់ចាម ដើម្បីចូលរួមអបអរសាទរ ឆ្នាំសកលឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧ មករា​​​ (៧ មករា ១៩៧៩ – ៧ មករា ២០២០)។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា ក្រោយថ្ងៃរំដោះ៧ មករា១៩៧៩ មកដល់បច្ចុប្បន្ននេះ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ជាពិសេសវិស័យកីឡានេះក៏បានរីកធំធាត់ ដែលជាមូលហេតុនៃការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ ប្រជាជនរស់នៅសុខសាន្ត សុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសេរីមង្គល វិបុលឧត្តមថ្លៃថ្លាបំផុត។

ឯកឧត្តម បានលើកឡើងថា «ដោយសារភាពដ៏មហាអស្ចារ្យលើសលុបនេះហើយ ខ្ញុំសូមឧទ្ទិសឲ្យទិវាជ័យជម្នះ ៧មករា ក្លាយទៅជាការប្ដេជ្ញាចិត្តជាសកល និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិសេសកីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍលើគ្រប់វិស័យតាំងតែពីវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កសិកម្ម ជាពិសេសវិស័យកីឡានេះឯងឲ្យកាន់តែមានភាពរីកចម្រើនឡើងទ្វេឡើង»។

ឯកឧត្តម អ៊ុន​​​ ចាន់ដា​​​ បានបន្ថែមថា «ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តស្រឡាញ់កីឡាពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងតាំងពីកម្លាំងកាយចិត្ត ស្មារតី សម្ភារៈ និងថវិកាសម្រាប់ផ្គត់ផ្គង់វិស័យនេះ ហើយក៏សូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលបានសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធមានសាលាក្រុង ស្រុក អង្គការសង្គមស៊ីវិល ដែលបានបំពេញភារកិច្ចលើកស្ទួយដល់វិស័យកីឡានេះ និងសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ មេត្តាខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណីវប្បធម៌ក្នុងការប្រកួតឲ្យបានខ្ជាប់ខ្លួន ដើម្បីដណ្ដើមយកជ័យជម្នះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយទៅជាកីឡាករ កីឡាការិនីឆ្នើមសម្រាប់ទៅចូលរួមប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាបន្តបន្ទាប់ទៀត»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង