ប្រកាស​ផ្លូវការ​៖ គិត​ត្រឹម​ម៉ោង ១២ និង ៤៥​នាទី រសៀល​ថ្ងៃទី​០៤​មករា​នេះ ជនរងគ្រោះ យកចេញ​ពី​អគារ​បាក់​រលំ នៅខេត្តកែប សរុប​ចំនួន ២៣​នាក់ ស្លាប់ ៥​នាក់​

(​ខេត្ត​កែប​)៖ រដ្ឋបាលខេត្ត​កែប បានប្រកាស​នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ថា មកដល់​វេលា​ម៉ោង ១២ និង ៤៥​នាទី រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ នេះ ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ បាន​រុក​រកឃើញ​ជនរងគ្រោះ នៅក្រោម​គំនរ​អគារ​បាក់​រលំ សរុប​ចំនួន ២៣​នាក់ ( ស្រី ០៨​នាក់ ) ក្នុងនោះ របួសធ្ងន់ និង​ស្រាល ចំនួន ១៨​នាក់ ) ស្រី ០៥​នាក់ ) និង​បាត់​បង់ជីវិត មាន​ចំនួន ០៥​នាក់ ( ស្រី ០៣​នាក់ )​។

​សេចក្តីប្រកាស លើកឡើងថា ចំពោះ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត ត្រូវបាន​ក្រុមគ្រួសារ មក​បំពេញ​ឯកសារ ទទួលយក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំនួន ០៤​សព​ហើយ​។​

សេចក្តីប្រកាស​ដដែល បន្តថា សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​របស់​កម្លាំង​ក្រុមការងារ​ជួយសង្គ្រោះ នៅតែ​បន្ត​សង្គ្រោះ រហូត​យក​ជនរងគ្រោះ ចេញ​អស់ពី​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ​។​

​រដ្ឋបាលខេត្ត​កែប បាន​បញ្ជាក់ថា មកដល់ពេលនេះ គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ​នេះ ត្រូវបាន​ក្រុមការងារ​ជួយសង្គ្រោះ ធ្វើ​ការកាយ​យកចេញ​បាន​ចំនួន​ប្រមាណ ៣០ ភាគរយ​ហើយ​។​

​អាជ្ញាធរខេត្ត​កែប ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាត់​បងប្អូន​សាច់ញាតិ សង្ស័យ​មាន​គ្រោះថ្នាក់​ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ​នេះ សូម​ទាក់ទង​សាកសួរ​ព័ត៌មាន តាម​លេខ​ទូរស័ព្ទ​៖ 092 860 888 ឬ 096 3482 168​។​

​សូម​រម្លឹកថា អគារ​កំពុង​សាងសង់ កម្ពស់ ៦​ជាន់ ស្ថិតនៅក្នុង​សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ កាលពី​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០​។ គេ​សន្និដ្ឋានថា មាន​មនុស្ស​ចន្លោះ​ពី ២០ ទៅ ៣០​នាក់ ដែល​កំពុងធ្វើការ​ក្នុង​ការដ្ឋាន បាក់​រលំ​នោះ​។

​ភ្លាមៗ​ប្រតិបត្តិការ​ជួយសង្គ្រោះ ក៏ត្រូវ​បានធ្វើ​ឡើង ហើយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ធ្វើដំណើរ​ទាំងយប់ ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​កែប ដើម្បី​ដឹកនាំ បញ្ជា​ផ្ទាល់​នៅ​គំនរ​អគារ​បាក់​រលំ​នោះ​។​

​ជាមួយគ្នានេះ បន្ទាប់ពី​ទទួលបាន​ថវិកា​ពី​សប្បុរសជន សរុប ១ ៣៥០ ០០០ ដុល្លារ នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​បែងចែក ផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនោះ ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ សព​ជនរងគ្រោះ ម្នាក់ៗ ទទួលបាន ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល​ទៀត សម្រាប់​ពិធី​បុណ្យសព​។ រីឯ​អ្នករបួស ម្នាក់ៗ ទទួលបាន​ថវិកា ១​ម៉ឺន​ដុល្លារ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្ដេច យក​ថវិកា​ទាំងនោះ ប្រគល់ជូន​ដល់ផ្ទះ​គ្រួសារ​សព និង​ដល់​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​សេចក្តីរាយការណ៍ នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញថា សប្បុរសជន ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត​អគារ នៅ​ខេត្ត​កែប សរុប​មាន​ចំនួន ១ ៣៥០ ០០០ ដុល្លារ​អាមេរិក​។ ក្នុងនោះ រួមមាន​៖
​ទី​១៖ លោក​ឧកញ៉ា ហ៊ុន តូ និង​ដៃគូ ចំនួន ៥២​ម៉ឺន​ដុល្លារ​
​ទី​២៖ លោក​ឧកញ៉ា គិត ម៉េង ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៣៖ លោក ហែម សា​រឿង ចំនួន ២​ម៉ឺន​ដុល្លារ​
​ទី​៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៥៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំនួន ២​ម៉ឺន​ដុល្លារ​
​ទី​៦៖ ក្រុមហ៊ុន ឌែ​ល ខម ចំនួន ២០​ម៉ឺន​ដុល្លារ​
​ទី​៧៖ ក្រុមហ៊ុន​សេសា​ន ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៨៖ លោក​ឧកញ៉ា ទ្រី ភាព ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៩៖ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ចំនួន​១០​ម៉ឺន​ដុល្លារ​
​ទី​១០៖ ឯកឧត្តម ប៉ុល សារឿន ចំនួន ១​ម៉ឺន​ដុល្លារ​
​ទី​១១៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន ១​ម៉ឺន​ដុល្លារ​
​ទី​១២៖ លោក​ឧកញ៉ា វិញ ហ៊ួ​រ ចំនួន ៥​ម៉ឺន​ដុល្លារ​
​ទី​១៣៖ ឯកឧត្តម លឹម គានហោ ចំនួន ២​ម៉ឺន​ដុល្លារ

​រហូតដល់​ម៉ោងជាង ១​រសៀល ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សប្បុរសជន បាន​ចូលរួម​បន្ថែម​ប្រាក់ឧបត្ថម្ភ ដល់​ជនរងគ្រោះ ដែល​នាំ​ឲ្យ​ចំនួន​សរុប កើន​ឡើ​ដល់ ១ ៤០១ ០០០ ដុល្លារ​។ គឺ​លោក​ឧកញ៉ា ថោង សារ៉ាត់ ចំនួន ៥​ម៉ឺន និង​កញ្ញា ស្រ៊ាង ស្រីមុំ​ចំនួន ១​ពាន់​ដុល្លារ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង