ចំនួន​អ្នកស្លាប់ កើនឡើង​ដល់៧នាក់ ក្នុង​ហេតុការណ៍​បាក់ស្រុត​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​

(​កែប​)៖ គិត​ត្រឹម​ម៉ោងជាង១០​ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ចំនួន​អ្នកស្លាប់ ក្នុង​ហេតុ​ការណ៍​​បាក់ស្រុត​អគារ​កម្ពស់៦​ជាន់ ដែល​កំពុង​សាងសង់ បាន​កើន​ឡើងដល់ ៧នាក់​ហើយ​។

យោងតាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «គិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត»។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ។

​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្តធ្វើ​យ៉ាងសកម្ម ចាប់តាំងពី​កើតហេតុ កាលពី​រសៀល​ថ្ងៃទី​០៣ ខែមករា បន្ត​ដល់​យប់ និង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ នេះ​។

​ក្រុម​សង្គ្រោះ ក៏បាន​ជួយ​យក​ជនរងគ្រោះ ដែល​នៅមាន​ជីវិត​ចេញពី​គំនរ​អគារ​ថ្ម បាក់ស្រុត​នោះ ចំនួន ១៨ នាក់​ផ្សេងទៀត​។ គេ​សន្និដ្ឋានថា យ៉ាងហោចណាស់ ក៏មាន​មនុស្ស​ប្រមាណ ១០​នាក់​ផ្សេងទៀត នៅជាប់​ក្នុង​គំនរ​អគារ​បាក់​រលំ​នោះ​។​

​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ខេត្ត​កែប បានចេញ​ប្រកាស​ជា​ផ្លូវការ​ថា នៅវេលា​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បាក់​រលំ​អគារ​មួយ ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់ ៦​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​សេចក្តីប្រកាស លើកឡើងថា មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​០៤​មករា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ក្រុមការងា​រ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងតែបន្ត​សកម្មភាព​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​នេះ​។ គិត​ត្រឹម​ម៉ោង ៥ ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក្រុមការងារ បាន​ជួយ​មនុស្ស​ចេញពី​ក្នុង​គំនរ​បាក់បែក មាន​ចំនួន ២៣​នាក់ ក្នុងនោះ ស្លាប់ ០៥​នាក់ ( ស្រី ០៣​នាក់ )​។​

​ក្រោយ​កើតហេតុ​ការណ៍​នេះ​ភ្លាមៗ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជំនួយ​ពី​សប្បុរសជន ជា​បន្តបន្ទាប់ ដែល​មកដល់​ព្រឹក​ថ្ងៃទី​០៤ ខែមករា​នេះ ជំនួយ​របស់​សប្បុរស​ជន បាន​កើន​ដល់​ជាង ១​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត​អគារ នៅ​ខេត្ត​កែប​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ ដោយ​ករណីរ​លំបាក់​អគារ​នេះ​។​

​សប្បុរសជន ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ ក្នុងករណី​បាក់​រលំ​អគារ នៅ​ខេត្ត​កែប រួមមាន​៖
​ទី​១៖ លោក​ឧកញ៉ា ហ៊ុន តូ និង​ដៃគូ ចំនួន ៥២​ម៉ឺន​ដុល្លារ
​ទី​២៖ លោក​ឧកញ៉ា គិត ម៉េង ចំនួន ១០​ម៉ឺន​ដុល្លារ
​ទី​៣៖ លោក ហែម សា​រឿង ចំនួន ២​ម៉ឺន​ដុល្លារ
​ទី​៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន ១០​ម៉ឺន​ដុល្លារ
​ទី​៥៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំនួន ២​ម៉ឺន​ដុល្លារ
​ទី​៦៖ ក្រុមហ៊ុន​ឌែ​លខម ចំនួន ២០​ម៉ឺន​ដុល្លារ
​ទី​៧៖ ក្រុមហ៊ុន សេ​សាន ចំនួន ១០​ម៉ឺន​ដុល្លារ
​ទី​៨៖ លោក​ឧកញ៉ា ទ្រី ភាព ចំនួន ១០​ម៉ឺន​ដុល្លារ​

​សូមបញ្ជាក់ថា អគារ​កម្ពស់ ៦​ជាន់ ស្ថិតនៅ​ក្បែរ​វត្ត​សមាធិ ក្នុង​ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​កាលពី​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០​។
​ប្រតិបត្តិការ​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​ភ្លាម ហើយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ​ទាំងយប់ ចេញពី​ភ្នំពេញ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នោះ​។

​គេ​សន្និដ្ឋានថា មាន​ជនរងគ្រោះ​ប្រមាណ ២០ ទៅ ៣០​នាក់ ដែលជា​អ្នកម៉ៅការ និង​កម្មករសំណង់ កប់​ជាប់ នៅក្នុង​ការដ្ឋាន បាក់​រលំ​នេះ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com