អាជ្ញាធរខេត្ត​កែប ប្រកាសថា គិត​ត្រឹម​ម៉ោង ៥​ព្រឹក ថ្ងៃទី​០៤​មករា​នេះ មាន​មនុស្ស ២៣​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​អគារ ៦​ជាន់ ក្នុងនោះ ស្លាប់ ៥​នាក់ ហើយ​ប្រតិបត្តិការ​នៅតែ​បន្ត​!

(​ខេត្ត​កែប​)៖ អាជ្ញាធរខេត្ត​កែប បានប្រកាសថា គិត​ត្រឹម​ម៉ោង ៥​ព្រឹក ថ្ងៃទី​០៤​មករា ឆ្នាំ​២០២០ មាន​មនុស្ស ២៣​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​អគារ ៦​ជាន់ ក្នុងនោះ ស្លាប់ ៥​នាក់ (​ស្ត្រី ៣​នាក់ )​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ដឹកនាំ​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​នោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ខេត្ត​កែប បង្ហាញថា នៅវេលា​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បាក់​រលំ​អគារ​មួយ ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់ ៦​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​សេចក្តីប្រកាស លើកឡើងថា មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​០៤​មករា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ក្រុមការងា​រ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងតែបន្ត​សកម្មភាព​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​នេះ​។ គិត​ត្រឹម​ម៉ោង ៥ ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក្រុមការងារ បាន​ជួយ​មនុស្ស​ចេញពី​ក្នុង​គំនរ​បាក់បែក មាន​ចំនួន ២៣​នាក់ ក្នុងនោះ ស្លាប់ ០៥​នាក់ ( ស្រី ០៣​នាក់ )៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com