ឯកឧត្តម ស សុខា ពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២០ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ២០២០ នៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នេះព្រឹត្តិការណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសង្ក្រាន្តចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២០ខាងមុខនេះ គ្រោងធ្វើឡើងនៅបរិវេណប្រាសាទបុរាណខ្មែរ ដ៏មានអាយុចំណាស់ គឺប្រាសាទបន្ទាយឆ្មារ។

សូមរំឭកថា ក្នុងឱកាសចូលថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាប្រារព្ធពិធីចូលឆ្នាំថ្មីនៅប្រាសាទបុរាណមួយនេះ ក្នុងរូបភាពមិនធំដុំដូចការគ្រោងទុកនៅឆ្នាំខាងមុខនេះឡើយ។ ដូច្នេះ ការរៀបចំសង្ក្រាន្តឆ្នាំ២០២០ខាងមុខនេះ នឹងនាំមកនូវកិត្យានុភាពជាតិ តាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញនាំគ្នាទៅទស្សនា និងកម្សាន្តសប្បាយនៅទីនោះ។

ប្រវត្តិប្រាសាទបន្ទាយឆ្មារ៖

ប្រាសាទត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន្ទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤រូបរបស់ព្រះអង្គ ដែលបានពលីនៅក្នុងសមរភូមិដេញចាម នាឆ្នាំ១១៧៧។

ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជន ខេត្តបន្ទាយមានជ័យ។

នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺពោរពេញដោយចម្លាក់ល្អប្រណីត ជាស្នាដៃបុព្វបុរសខ្មែរ ដែលសាងឡើងសម្រាប់មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែ ប្រាសាទដ៏ល្អអស្ចារ្យនេះ​​​ បានខូចទ្រុឌទ្រោមដោយសារសង្គ្រាម និងកត្តាធម្មជាតិ។

កន្លងក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យជាតិ និងអន្តរជាតិជាច្រើន ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ នៃប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ។ ចម្លាក់សំខាន់ជាងគេ គឺរូបអវតាលោកេស្វរៈព្រហស្ត៣២ ជាពោធិសត្វនៃព្រះពុទ្ធសាសនា អមដោយចម្លាក់រូបអវតា ព្រះហស្ត១៦ ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នា នៅជ្រុងខាងត្បូងត្រូវជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ

ចម្លាក់នៅលើជញ្ជាំងនៅប្រាសាទបន្ទាយឆ្មារនេះ បង្ហាញអំពីការប្រយុទ្ធគ្នារវាងមនុស្សម្នាក់ និងមនុស្សមានក្បាលដូចយក្ស ដែលសាច់រឿងនៃចម្លាក់នេះមាននិយាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ។ សិលាចារឹកនោះ បាននិយាយអំពីការប្រយុទ្ធគ្នារវាងស្រិន្ទ្រកុមារ ដែលរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ជាមួយភារត រាហ៊ូ ដែលមានអ្នកការពារព្រះអង្គពីរនាក់សុខចិត្តលះបង់ជីវិតដើម្បីជួយព្រះអង្គ៕

SWIFT NEWS ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង