នគរបាលខេត្តព្រះសីហនុឃាត់ចាប់ជនជាតិចិន២នាក់ ឆែកឃើញមានទាំងកាំភ្លើងខ្លី មានទាំងកាំបិត

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះ សមត្ថកិច្ចជំនាញផែនព្រហ្មទណ្ឌ បានទប់ស្កាត់បង្ក្រាបបានមុខសញ្ញាប៉ុនប៉ង​ប្រព្រឹត្តបទល្មើស​ឧក្រិដ្ឋមួយ​ករណី ឃាត់ខ្លួនជនសង្ស័យ​ចំនួន ២នាក់ ចាប់យកបានអាវុធខ្លី​មួយដើម និងឧបករណ៍​សម្រាប់​ត្រៀម​ប្រព្រឹត្ត​បទល្មើស​មួយចំនួន។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទី ដោយកម្លាំងល្បាតពេលយប់ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ពាក់មួក​បិទមុខនិងពាក់ម៉ាស់ កម្លាំងល្បាតក៏បានដេញតាម ហើយស្ទាក់ចាប់បាន នៅជិតកាស៊ីណូ ជីយូវនីសិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឆែកឆេររកឃើញអាវុធខ្លី១ដើម ភ្លាមនោះ ក៏បាននាំខ្លួន​ យកមកធ្វើការ​សាកសួរនៅស្នងការដ្ឋាន​នគរបាល​ ខេត្តព្រះសីហនុតែម្តង​។

ជនសង្ស័យទាំង២នាក់៖
ទី១-ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់ លិខិតឆ្លងដែនលេខៈ EH0851963 មានស្រុកកំណើត ក្រុង/ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ទី២-ឈ្មោះ SUN PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ១ដើម ម៉ាក K59 រលប់លេខ (ឈូសលេខចោល) មានបង់១ និងគ្រាប់ចំនួន ៥គ្រាប់។
-កាំបិតចុងស្រួច៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួក ២
-ម៉ាស់មុខ ៤
-លិខិតឆ្លងដែន២ច្បាប់ និងម៉ូតូម៉ាកស្មាសពណ៌ក្រហមមួយគ្រឿង ។

ករណីនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ចែងតាមនីតិវិធី ទៅកាន់សាលាដំបូង៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង