ឯកឧត្តម ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរភាគច្រើន ទទួលបានការកោតសរសើរ​ពីគ្រូបរទេសថា មានសមត្ថភាព និងសីលធម៌ខ្ពស់

(ភ្នំពេញ)៖ កាលពី​ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ​ជាអធិបតី ក្នុងពិធី​សំណេះសំណាលជាមួយនិសិ្សតខ្មែរ ដែលសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។

កម្មវិធីដ៏រីករាយនេះ គឺជាការជួបជុំប្រជុំឆ្នាំ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នា​ឱ្យកាន់តែជិតស្និទ្ធ, ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក រវាងបងប្អូននិស្សិត និងអតីតនិស្សិត ដែលបានសិក្សានៅ​ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ព្រមទាំងបងប្អូននិស្សិត ដែលកំពុងតែរៀបចំខ្លួន ទៅបន្តការសិក្សានៅទីនោះ​ផងដែរ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការទៅសិក្សានៅបរទេសឆ្ងាយពីផ្ទះ ពីគ្រួសារ រមែងមានបញ្ហាប្រឈមច្រើន ប៉ុន្តែសំខាន់ យើងត្រូវតស៊ូជម្នះឱ្យដល់គោលដៅរបស់យើង គឺការស្រូបយកចំណេះដឹង ដើម្បីបង្កើនសមត្ថភាព បង្កើនសក្តានុពល និងបង្កើនភាពជោគជ័យ​របស់ខ្លួន​យើងផ្ទាល់ របស់គ្រួសារ និងរបស់ប្រទេសជាតិ ហើយសូមរក្សាគោលដៅនេះឱ្យជាប់ កុំបោះបង់ ព្រោះការមានចំណេះដឹង និងជំនាញច្បាស់លាស់ គឺជាមូលដ្ឋានធ្វើឱ្យយើង​ទទួល​បានជោគជ័យ ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី ដែលពោរពេញដោយ​ការប្រកួតប្រជែង។ លើសពីនេះ បងប្អូនក៏ត្រូវយកចិត្តទុកដាក់ផងដែរ លើការប្រុងប្រយ័ត្នល្អិតល្អន់​លើការបំពេញ​ការងារតូចៗឱ្យល្អ មុននឹងអាចឈានទៅសម្រេចកិច្ចការធំៗ ហើយក៏ត្រូវរៀនសូត្រ​ជាប់ជានិច្ចពីមជ្ឈដ្ឋានក្រៅសាលា ដើម្បីស្វែងយល់អំពីរបៀបរបបរស់នៅ, របៀបគ្រប់គ្រង, របៀបធ្វើការ និងផ្នត់គំនិតរបស់មិត្តភ័ក្ត្របរទេស ដែលជាការបំពេញបន្ថែមនូវអ្វី​ដែលរៀន​នៅក្នុងសាលា ហើយដែលនឹងនាំមកនូវគំនិតច្នៃប្រឌិត និងវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យជីវិតរបស់យើង​កាន់តែទទួលបានជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ឆ្លងតាមការបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសជាច្រើន ខ្ញុំពិតជាមានមោទនភាពជាមួយនិស្សិតខ្មែររបស់យើង ទាំងនិស្សិតយោធា និងស៊ីវិល ដែលភាគច្រើនទទួលបានការកោតសរសើរពីគ្រូៗបរទេស។ នេះ គឺជាមោទនភាពរបស់បុគ្គល​និស្សិត​យើងផ្ទាល់ ក៏ដូចជាមោទនភាពរបស់ជាតិទាំងមូល ដោយបងប្អូន គឺជាគ្រាប់ពេជ្ររបស់​កម្ពុជា ធ្វើឱ្យគេចាប់ផ្តើមស្គាល់កម្ពុជាក្នុងទស្សនៈថ្មី ដែលមានធនធានមនុស្សប្រកប​ដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់។ ឯកឧត្តមបន្តទៀតថា នៅលើទឹកដីបរទេស បងប្អូន គឺជាតំណាង​ប្រទេស​យើង តំណាងជាតិយើង ដូច្នេះវាជាការចាំបាច់ផងដែរ ដែលយើងត្រូវខិតខំធ្វើ​សកម្មភាពវប្បធម៌ផ្សេងៗ ដើម្បីបង្ហាញអត្តសញ្ញាណាជាតិរបស់យើងទៅ​កាន់ឱ្យពិភពលោក​បាន​ស្គាល់ ហើយត្រូវបន្តខិតខំរៀនសូត្រឱ្យក្លាយខ្លួនជាធនធានមនុស្ស និងរួបរួមសាមគ្គីជួយគ្នាកសាង​ប្រទេសជាតិយើង សម្រាប់កូនចៅយើងតទៅមុខទៀត៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង