មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា និង​នាយកសាកលវិទ្យាល័យ​ការពារប្រទេស​រុស្សី ពិភាក្សាគ្នា​ផ្ដោតលើ​កិច្ចសហការ​លើ​វិស័យ​យោធា

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក IGO MISHUTKIN នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធ​រុស្ស៊ី ​បានចូលជួបសំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩​។

នៅក្នុង​ជំនួប​សន្ទនា​នោះ ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែង​ការស្វាគមន៍ចំពោះ គណៈប្រតិភូនៃប្រទេសរុស្ស៊ីដែលដឹកនាំដោយឧត្តមសេនីយ៍ឯក IGO MISHUTKIN មកកាន់ព្រះរាជាណាចក្រកម្ពុជា។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ និងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីដើមរៀងមក។ ក្រៅពីនេះទៀត ប្រទេសរុស្ស៊ីក៏បានជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចំរើន និងមានកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗជាច្រើនទៀត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ស្នើសុំ​ឲ្យប្រទេសរុស្ស៊ីបន្តយកចិត្តទុកដាក់​បណ្ដុះបណ្ដាលសមត្ថភាព​ផ្នែកវិស័យយោធាដល់នាយទាហានកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការ​ល្អ​លើវិស័យផ្សេងៗជាច្រើនទៀត។

ជាការឆ្លើយតប​ ឧត្តមសេនីយ៍ឯក IGO MISHUTKIN បានសម្ដែងការកោតសរសើរ និង វាយ​តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការអភិវឌ្ឍរីកចំរើនទៅមុខទៀត និងមានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត​។

ឧត្តមសេនីយ៍ឯក នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្សីរូបនេះ បានបញ្ជាក់ទៀតថា ប្រទេសរុស្សីនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាដើម្បីថែរក្សា សន្តិភាព ស្ថេរភាព និង រួមចំណែកជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍប្រទេសកម្ពុជា អោយមានការរីកចំរើនថែមទៀត​។

សូមបញ្ជាក់ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយកសាកលវិទ្យាល័យ​ការពារ​ប្រទេស​សហព័ន្ធរុស្ស៊ី នាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការនៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗ ដើម្បីសេចក្តីសុខរបស់​ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង