ផ្លូវក្រាលកៅស៊ូ តម្លៃជាងកន្លះ​លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ជាកាដូដល់ពលរដ្ឋ​ក្រុង​កំពង់ចាម

(កំពង់ចាម)៖ កាដូ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​រដ្ឋបាល​ខេត្តកំពង់ចាម ជាផ្លូវកៅស៊ូដ៏ស្រស់ស្អាត ប្រវែងជាង ១គីឡូម៉ែត្រ ដែលតភ្ជាប់រវាងភូមិនាងគង្ហីង និងភូមិព្រែក​ដើមចាន់ ស្ថិតនៅក្នុងសង្កាត់​សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺ​បាន និងកំពុងស្ថាបនាជិតរួចរាល់ ហើយផ្លូវ ដែល​កំពុងអ៊ុតរួចភ្លាម គឺបងប្អូនប្រជាពលរដ្ឋទូទៅ អាចធ្វើដំណើរបានដោយងាយស្រួលជាងមុន។

ជាមួយនឹងសមិទ្ធិផលថ្មីនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញអញ្ជើញចុះត្រួតពិនិត្យគុណភាព​មើលការដ្ឋានសាងសង់ផ្លូវកៅស៊ូមួយខ្សែនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ និងជួយថែទាំ​ផ្លូវកៅស៊ូមួយខ្សែ​នេះ ឲ្យបានល្អដើម្បីអាចប្រើប្រាស់បានយូរអង្វែង។

បើតាមមន្ត្រីជំនាញសាងសង់ផ្លូវនេះបានឲ្យដឹងថា ផ្លូវដែលកំពុងធ្វើនេះគឺមានទទឹង១០ម៉ែត្រ និងបណ្តោយ១៥៧៥ម៉ែត្រ ជាប្រភេទកៅស៊ូអេស៊ី ដោយចំណាយថវិការសាងសង់​មានតំលៃ​ប្រមាណ១៨០០ លានរៀលគិតជាដុល្លារ គឺប្រមាណកន្លះលានដុល្លារ។

ទន្ទឹមនេះដែរ ក្រៅពីប្រជាពលរដ្ឋទទួលបានផ្លូវកៅស៊ូដ៏ស្រស់ស្អាតនេះ គឺប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវក៏ទទួលបាននូវប្រព័ន្ធលូ និងការរៀបចំខឿនផ្លូវដ៏ស្រស់ស្អាត​ថែមទៀតផង។

គួររំលឹកថា ផ្លូវប្រវែង ១៥៧៥ម៉ែត្រនេះពីមុនក៏ជាប្រភេទផ្លូវកៅស៊ូដែរ ហើយក្រោយមក ក៏បានទទួល​រង​ការខូចខាត​ជាបន្តបន្ទាប់ ជាយូរឆ្នាំមកហើយ ជាពិសេសនូវរដូវភ្លៀងធ្លាក់ គឺមានការដក់ទឹក និង​ជង្ហុក ហើយនៅរដូវប្រាំងវិញ គឺមានសភាពហ៊ុយពិបាក ធ្វើដំណើរទាំងម៉ូតូ និងរថយន្ត។

ផ្ទុយទៅវិញ នៅក្នុងបំណាច់ឆ្នាំ២០១៩នេះ គឺប្រជាពលរដ្ឋ ទូទៅជាពិសេសប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិនាងគង្ហីញង និងភូមិព្រែកដើមចាន់ គឺទទួលបានជាផ្លូវកៅស៊ូជាង ១គីឡូម៉ែត្រ​ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយះរដ្ឋបាលសាលាខេត្តកំពង់ចាម​។

ប្រជាពលរដ្ឋ បានសំដែងនូវទឹកចិត្តត្រែកអរ និងថ្លែងអំណរគុណដ៏រាជរដ្ឋាភិបាលកម្ពុជា និង​ឯកឧត្តម​អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែគិតគូរ​ពីសុខ​ទុក្ខ​ពីប្រជាពលរដ្ឋគ្រប់ពេលវេលា៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង