សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៦៥​ឆ្នាំ ឈានចូល ៦៦​ឆ្នាំ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ជា​ថ្ងៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៦៥​ឆ្នាំ ឈានចូល ៦៦​ឆ្នាំ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ នៅក្នុង​ថ្ងៃ​ខួប​កំណើត​នេះ ព្រះមហាក្សត្រ មហាក្សត្រី មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ផ្ញើ​សារ​ជូនពរ ដែល​បង្ហាញ​ពី​ទឹក​ព្រះទ័យ និង​ទឹកចិត្ត​ស្រឡាញ់​គោរព​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​។​

​ក្នុងឱកាស​ដ៏​មហា​មង្គល​សួស្តី​ប្រពៃ​ថ្លៃថ្លា​នេះ Swift News ក៏​សូម​ចូលរួម​ជូនពរ និង​លើកមកបង្ហាញ​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឧ​ត្ត​ម​ភរិយា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និង​មេដឹកនាំ​ពិភពលោក ផងដែរ ធ្វើការ​វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​កម្ពុជា​មួយរូប ដែល​បានធ្វើ​សកម្មភាព​យ៉ាង​ក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា​គ្រប់រូប ដោយ​មិន​ប្រកាន់​និន្នាការ រើសអើង​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​ឆ្មប​សម្រាល​ទុក្ខលំបាក​ក្នុងសង្គម ដូចជា មេដឹកនាំ​ល្បាញ​ល្បី​លើ​ពិភពលោក «​លោក សូ​ក្រា​ត​» ហើយ​ថែមទាំង​ជា​ឆ្មប​សម្រាល​ទារក ដូច​ម្តាយ​របស់ «​លោក សូ​ក្រា​ត​» ផងដែរ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូត​ចេញពី​ត្រកូល​កសិករ ក្នុងភូមិ​ទី​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៥៤​។ មាន​លោកឪពុក​ឈ្មោះ លីន គ្រី (​ទទួលមរណភាព​) និង​អ្នក​ម្តាយ​ឈ្មោះ ប៊ុន ស៊ា​ង​លី​។ មាន​បងប្អូន ៦​នាក់ ស្រី​២​នាក់​។
​ក្នុង​វ័យ​វឌ្ឍនាការ កុលធីតា​ខ្មែរលើ​ទឹកដី​ជនបទ​តាម​ដង​ទន្លេមេគង្គ ចំ​គ្រា​ដែល​មាតុភូមិ​កម្ពុជា​ជួប​នូវ​វិបត្តិ​នូវ​ភ្លើងសង្គ្រាម​នោះ ត្រូវបាន​ញ៉ាំ​ញី​ដោយ​ទុក្ខលំបាក និង​មិន​មានឱកាស​អង្គុយ​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដូច​យុវវ័យ​ក្នុងសម័យ​ស្រុក​សន្តិភាព នាពេល​បច្ចុប្បន្ន​នោះដែរ​។ យុវនារី ប៊ុន រ៉ានី បានបញ្ចប់​ការសិក្សា​ត្រឹម​ធ​ម្យ​មសិ​ក្សា​ប៉ុណ្ណោះ​។​

​ក្នុង​វ័យ​វឌ្ឍនាការ ដែល​ប្រទេស​ធ្លាក់ ក្នុង​ភាព​កលិយុគ​នេះ យុវនារី ប៊ុន រ៉ានី បាន​ចូលប្រឡូក​ចលនា​តស៊ូ​ក្នុង​អាយុ ១៦​ឆ្នាំ​។ ពោល​ចលនា​តស៊ូ​នេះ បានចាប់ផ្តើម​នៅក្រោយពេល ដែល​ព្រះប្រមុខរដ្ឋ​ដ៏​ល្បាញ​ល្បី​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ក្រុម​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង នៅ​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​១៩៧០​។​

​ចលនា​តស៊ូ ដែល​ធ្វើឡើង​តាម​ព្រះរាជបន្ទូល​អំពាវនាវ​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ បានធ្វើ​ឲ្យ​ជីវិត​យុវនារី ប៊ុន រ៉ានី លះបង់​អស់​សេចក្តីសុខ និង​សេចក្តីត្រូវការ​ក្នុង​យុវភាព ហើយ​ត្រូវបាន​ផ្លាស់​ទី​ក្នុងព្រៃ​ស្ទើរ​គ្រប់​ទីកន្លែង​ជាមួយ​កម្លាំង​ចលនា​តស៊ូ ដោយ​រំពឹង​អាច​ដណ្តើម និង​រំដោះប្រទេស​កម្ពុជា​ថ្វាយ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ​។ តែ​ផ្ទុយទៅវិញ ចលនា​តស៊ូ​ដណ្តើម​ប្រទេស​ពី​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ សិរី​មតៈ នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ មិនបាន​បំពេញ​សេចក្តី​បំណង និង​ការរំពឹង​អ្នកតស៊ូ​នោះឡើយ​។​

​ការប្រឹងប្រែង​ពលី​កម្លាំងកាយ​ចិត្ត​ក្នុង​ចលនា​តស៊ូ​រំដោះប្រទេស​ជាតិ​របស់​កុល​ធីតា​ខ្មែរ ប៊ុន រ៉ានី ជាមួយ​អ្នក​ស្រឡាញ់ និង​ស្នេហា​ជាតិខ្មែរ រាប់ពាន់ រាប់ម៉ឺន​នាក់​ទៀត ត្រូវ​ធ្លាក់​ក្នុង​ក្តី​អស់សង្ឃឹម ដ្បិត​សមិទ្ធផល នៃ​ការតស៊ូ ត្រូវបាន​ក្តោប​ក្តាប់​ដោយ​បុគ្គល​មួយក្រុម ដូចជា ប៉ុល ពត នួន ជាង ខៀវ សំផន អៀង សារី អៀង ធិ​រិ​ទ្ធ​…​ទៅវិញ​។​

​របប​កម្ពុជា​ប្រជាធិបតេយ្យ បានធ្វើ​ឲ្យ​យុវនារី ប៊ុន រ៉ានី និង ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ត្រូវ​រស់​រងគ្រោះ​ជាថ្មី​ក្នុង​ស្បៃ​អន្ធិកា​ដ៏​ខ្មៅ​ងងឹត និង​មហា​សែន​លំបាក​។

​ទោះជា​យ៉ាងណា​ជីវិត​របស់​កុមារី ប៊ុន រ៉ានី ក្នុង​របប​ប៉ុល​ពត​នេះ ប្រៀបបាន​នឹង​ការជួប «​ពន្លឺ ក្នុង​គ្រា​អន្ធិកា​»​។ «​ពន្លឺ ក្នុង​គ្រា​អន្ធិកា​» ត្បិត​ថា​ជីវិត​របស់​យុវនារី ប៊ុន រ៉ានី ជួប​ការលំបាក តែ​របប​នេះ ក៏​ជា​វេលា​បាន​នាំ​ឲ្យ​យុវនារី​រូបនេះ បាន​ជួប​ជាមួយ បុរស​កំពូល​ដួងចិត្ត គឺ​យុវជន ហ៊ុន សែន​។​

​តែ​ជីវិត​អាពាហ៍ពិពាហ៍​ជា​ក្រុម (១៣​គូ​) របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​១៩៧៦ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បន្សល់​នូវ​ភាព​ដ៏​ល្វីង​ជូរចត់​មិនអាច​គណនា​។ ទម្ងន់​នៃ​ការឈឺចាប់ និង​វេទនា​រក​ទីបំផុត​គ្មាន គឺ​ការ​ត្រូវ​ព្រាត់ប្រាស់​ស្វាមី​ដែល​ចេញទៅ​តស៊ូ​រំដោះជាតិ​ក្នុង​ឆ្នាំ​១៩៧៧ ទាំង​ខ្លួន​កូន​ក្នុង​ផ្ទៃ​។ ដើម្បី​សុវត្ថិភាព​ជីវិត និង​កូន​ពី​របប​ដ៏​យង់ឃ្នង​ត្រូវ​ទ្រាំរ​ស់លាក់​ឈ្មោះ​លាក់​ប្រវត្តិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា ជីវិត​ស្នេហា​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ឧ​ត្ត​ម​ភរិយា បាន​ហែល​ឆ្លងកាត់​ភាពលំបាក​វេទនា និង​ដំណក់ទឹកភ្នែក​រាប់លាន​ដំណក់ ហើយក៏​មិនដែល​នឹកស្មានថា មានជីវិត​មកដល់​ប​ច្ចុ​ប្បន្ន​នេះ​ផងដែរ​។​

​សម្តេច​បាន​រំលឹក​យ៉ាង​ដូច្នេះ «​ខ្ញុំ​តែងតែ​គិតថា អ្វីដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ឆ្លងកាត់ គឺ​ពុំ​គួរឱយ​ជឿថា ខ្ញុំ​អាចមាន​ជីវិត​រហូតមក​ដល់​សព្វ ថ្ងៃ​នេះឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​វា ដោយ​យក​ជីវិត​ធ្វើ​ដើម ទុន​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​»​។ «​ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ ដែល​ហៅថា​សេចក្តីសុខ​។ ស្លាប់​កូន​ទី​១ និង បែក​គ្នា ក្នុងពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ ៥​ខែ រហូត​ជួបគ្នា​ជាថ្មី​ដែល​កូន​ហៅ​ខ្ញុំ ថា​ពូ​រយៈពេល​២​ខែ សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់ ខ្ញុំ និង ភរិយា​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង សម្រាប់​ប្រជាជន​ទូទាំងប្រទេស​»​។​

​ក្រោយ​របប​អាវខ្មៅ ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ របស់ ប៉ុល ពត ត្រូវបាន​វាយ​ប្តួ​ល​រំលំ ដោយ​ក្រុម​ចលនា​តស៊ូ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​ឧត្តុង្គឧត្តម ជួយ​ស្រោចស្រង់ និង​ស្តារ​កម្ពុជា​ចេញពី គំនរ​ផេះផង់ ជាមួយ​ឧ​ត្ត​ម​ស្វាមី​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ និង ការអប់រំ​។​

​ក្នុង​ពិធី​ទទួល​គោរម្យ៍ងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ពី​ស្ថាប័ន​រា​ជប​ណ្ឌិ​រ្យ​សភា​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត បាន​រំលេច​នូវ​សមិទ្ធផល​ជាច្រើន ដែលជា​សមិទ្ធផល នៃ​កិច្ចប្រឹងប្រែង​ក្នុង​បុព្វហេតុ​បម្រើប្រជាជន និង មាតុភូមិ​ជាទី​ស្រឡាញ់​បំផុត ដើម្បី​ឆ្លើយតប​សកម្មភាព​មនុស្ស​ធម៌ ការលើកកម្ពស់​ជីវភាព រស់នៅ​សុខុមាលភាព​សង្គម ការការពារ​សេចក្តីថ្លៃថ្នូ​រ និង ការលើកកម្ពស់​គុណ​ត​ម្លៃ​មនុស្សជាតិ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រោយពី​កម្ពុជា​ត្រូវបាន រំដោះ​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍​នា​ថ្ងៃទី ៧ មក រា ឆ្នាំ ១៩៧៩ ខ្ញុំ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត និង ជួយឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​កុមារកំព្រា ដែល​គ្មាន​ទីពឹង ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់នោះ​បានទទួល​ការសិក្សា អប់រំ ថែទាំ​សុខភាព​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។ ជាក់ស្តែង​ចាប់តាំងពី ឆ្នាំ ១៩៩៦ មក ខ្ញុំ​បាន​ដឹកនាំ​បង្កើត​ម​ជ្ឈ​មណ្ឌល​អភិវឌ្ឍ​ជាច្រើន ដែល​បានរួម​ចំណែក​ដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ស្តារ​នីតិសម្បទា​ចំពោះ​ជន​ងាយ​រងគ្រោះ ឲ្យ​មានចំណេះដឹង​ចំណេះធ្វើ និង​ជំនាញ​ច្បាស់លាស់ សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត និង លើកកម្ពស់​ជីវភាព​គ្រួសារ​ក្នុងសង្គម​ផងដែរ​»​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ កាកបាទក្រហមកម្ពុជា អាណត្តិ​ទី​១ (១៩៩៤-១៩៩៨) ហើយ​បាន​ក្លាយជា​ប្រធាន​កាកបាទក្រហមកម្ពុជា ​ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

​រយៈពេលជាង ២០​ឆ្នាំ នៃ​ការដឹកនាំ​កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​ប្រក​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​មនុស្សធម៌ ពោល​បាន​ប្រឹងប្រែង​កៀងគរ​ជំនួយ​មនុស្សធម៌ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​អនាថា ជន​ផ្ទុកមេរោគ​អេដស៍ ជនរងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង ដោយ​មិនមាន​ការប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ ពោល​ទីណា​មានទុក្ខ​លំបាក និង មាន​ប្រជាពលរដ្ឋ​រងគ្រោះ តែងមាន​វត្តមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កាកបាទក្រហមកម្ពុជា​ជាប់​ជានិច្ច​។ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​តាមដាន​ជាប់​ជា និច្ច​តាម​ប្រព័ន្ធ​ព័ត៌មាន​នានា ដើម្បី​ស្វែងរក​ជនរងគ្រោះ​ជួប​ការលំបាក ហើយក៏​ចាត់​ឲ្យ​មន្ត្រី​របស់ខ្លួន ចេញ សង្គ្រោះបន្ទាន់​ផងដែរ​។​

​មិន​ត្រឹមតែ​ពលរដ្ឋ​កម្ពុជា​នោះឡើយ សូម្បី​ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​ជួប​គ្រោះមហន្តរាយ​បណ្តាលមកពី​គ្រោះ ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ ឬរ​ញ្ជួ​ញ​ដី​ជាដើម​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​ចូលរួម​វិភាគទាន ដើម្បី​ជួយសង្គ្រោះ​ជាតិ ដល់​ជនរងគ្រោះ​ទាំងនោះ​ផងដែរ​។​

​ជារួម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ពលី​កម្ម​យ៉ាង​ធំធេង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា រាល់ពេល​មានទុក្ខ​លំបាក​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ភរិយា​គំរូ ជា​មាតា​គំរូ ជា​ជីដូន​គំរូ នៃ​ស្ត្រី​ខ្មែរ​ទាំងឡាយ និង​ជា​កុលធីតា ដ៏​ឆ្នើម​ក្នុងសង្គម​ខ្មែរ​និយាយ​ដោយឡែក និង​និយាយ​រួម​ជា​មនុស្ស​កម្រ​ក្នុង​ពិភពលោក​ផងដែរ ដោយ​សារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជា​ឆ្មប​សម្រាល​នូវ​ទុក្ខលំបាក ក្នុងសង្គម​ដូច​មេ​ដឹកនាំ​ល្បាញ​ល្បី​លើ​ពិភពលោក «​លោក សូ​ក្រា​ត​» ហើយ​ថែមទាំង​ជា​ឆ្មប​សម្រាល​ទារក ដូច​ម្តាយ​របស់ «​លោក សូ​ក្រា​ត​» ទៀត​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ស្ត្រី​ដ៏​ឆ្នើម​មួយរូប ក្នុងចំណោម​ស្ត្រី​ឆ្នើមៗ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មានដូចជា ព្រះ​នាង លីវយី ព្រះ​នាង​ឥន្ទ្រ​ទេវី និង​ព្រះមហាក្សត្រី​យា​នី ស៊ី​សុ​វត្ថ កុសុមៈ​នារីរ័ត្ន​។​

​តាមរយៈ​បេសកកម្ម​មនុស្សធម៌​សង្គ្រោះ​មនុស្សជាតិ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន​គោរព​ងារ និង​គ្រឿង​ឥស្សរិយយស ពី​ស្ថាប័ន​ជាតិ និង​ពិភពលោក​ជា​បន្តបន្ទាប់ មានដូចជា​៖
១៖ មេដាយ​កិត្តិយស​ពី​សមាគមជាតិ​កាកបាទក្រហម នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០០១​។​

២៖ គ្រឿង​ឥស្សរិយយស លើកកម្ពស់​ពិភពលោក​បេះដូង​មាន​ភាព​តែមួយ ពី​មជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ ស្រ៊ី​ជិន​ម៉​យ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០០១​។​

៣៖ គ្រឿង​ឥស្សរិយយស សម្តេចព្រះ​មហាក្សត្រី​យា​នី ព្រះស៊ីសុវត្ថិ មុនី​វង្ស កុសុមៈ នារីរ័ត្ន ថ្នាក់​មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ​ព្រះ​ក​រុ ណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ​២០០១​។​

៤៖ គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់ មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០០៥​។​

៥៖ គោរមងារ ឥស្សរិយយស​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០០៦​។​

៦៖ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ ត្ត​ម សីហមុនី ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​

៧៖ គ្រឿង​ឥស្សរិយយស ជា​តូប​កា ប្រគល់ជូន​ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​

៨៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សធម៌ ពី​សាកលវិទ្យាល័យ​កម្ពុ​ជា នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៨​។​

៩៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ​ស្ត្រី​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០០៩​។​

១០៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ជី​អ៊ុន​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០០៩​។​

១១៖ ទទួលបាន​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ ពី​គណៈប្រតិភូ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការងារ​អេដស៍ និង​ជំងឺអេដស៍​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩​។​

១២៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក អប់រំ​សិក្សា ពី​សាកលវិទ្យាល័យ​ស៊ី​ឡា នៃ​សាធារណរដ្ឋ​កូរ៉េ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១០​។​

១៣៖ ទទួលបាន​គោរព​ងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១​។​

១៤៖ ទទួលបាន​គោរព​ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង