អបអរសាទរ ខួប ២៧​ឆ្នាំ​ដែល​ប្រាសាទ​អង្គរ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ យូណេស្កូ​

(​ភ្នំពេញ​)៖ ថ្ងៃ​១៤ ខែធ្នូ ឆ្នាំ​១៩៩២- ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ជា​ខួប ២៧​ឆ្នាំ ដែល​ប្រាសាទ​អង្គរ​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។​

​ប្រាសាទអង្គរវត្ត បាន​សាងសង់ឡើង នៅ​ដើម​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (​ខ្លះ​សរសេរ​: ព្រះបាទ​សូរិយា​វរ្ម័នទី​២) ចន្លោះ​ពី​ឆ្នាំ​១១១៣ ដល់​ឆ្នាំ​១១៥០ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា​។

​ប្រាសាទអង្គរវត្ត មាន​លក្ខណៈ​ល្អ​វិចិត្រ និង​បង្ហាញ​នូវ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ដល់​កំពូល​។ ប្រាង្គ​កណ្តាល តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ដែល​ស្ថិតនៅ​កណ្តាល​ពិភពលោក​។ ប្រាង្គ​ទាំង​៥ តំណាង​ឲ្យ​កំពូលភ្នំ​ព្រះ​សុមេរុ ដែលជា​ជាយ​ផែនដី និង​គូ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ គឺជា​សមុទ្រ ដែល​ព័ទ្ធជុំវិញ​។​

​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិនមែន​តែ​ប្រាសាទអង្គរវត្ត​មួយ​ទេ គឺ​រួមបញ្ចូល​ទាំង​ប្រាសាទ​ជាច្រើន​ទៀត ដូចជា​ប្រាសាទបាយ័ន ជាដើម នៅ​សៀមរាប​អង្គរ ដែលមាន​ឈ្មោះថា រមណីយដ្ឋាន​អង្គរ​។ រមណីយដ្ឋាន​អង្គរ បាន​ទាក់ទាញ​ភ្ញៀវទេសចរ រាប់លាន​នាក់ និង​ផ្តល់​ចំណូល​រាប់លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ​។

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា ដែល​ត្រូវបាន​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ រួមមាន​៖
១- ប្រាសាទអង្គរវត្ត ចុះបញ្ជី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២
២-​របាំ​ព្រះរាជ​ទ្រព្យ ចុះបញ្ជី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៣
៣-​ល្ខោនស្បែក​ធំ ចុះបញ្ជី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥
៤-​ប្រាសាទព្រះវិហារ ចុះបញ្ជី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨
៥-​គុក​ទួលស្លែង ចុះបញ្ជី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩
៦-​ល្បែង​ទាញព្រ័ត្រ ចុះបញ្ជី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥
៧-​ចាប៉ីដងវែង ចុះបញ្ជី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦
៨-​ប្រាសាទសម្បូរព្រៃគុក ចុះបញ្ជី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧
៩-​ល្ខោនខោល ចុះបញ្ជី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង