ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស គឺ​តម្លៃ​ស្រូវ​ឡើងថ្លៃ​បន្តិច ហើយ​អាទិត្យ​ក្រោយ នឹង​ឡើងថ្លៃ​ថែមទៀត​!

(​ភ្នំពេញ​)៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ អំពី​តម្លៃ​ស្រូវ​សែន​ក្រអូប នៅថ្ងៃនេះ បាន​ឡើងថ្លៃ​បន្តិច​ចន្លោះ​ពី ៩៦០ រៀល ទៅ ១០០០ រៀល ក្នុង ១​គីឡូក្រាម ( ស្រូវ​អត់​មាន​ជំងឺ )​។ រីឯ​ស្រូវ​ជំងឺ បាន​តម្លៃ ៩០០-៩៤០ រៀល ក្នុង ១​គីឡូក្រាម​។​

​ក្នុង​សារ​ឆ្លងឆ្លើយ​រវាង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា សុង សារ៉ន និង​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​គេ​បាន​ផ្សព្វផ្សាយ​តាម​ក្រុម​តេ​ឡេ​ក្រាម នៅ​ព្រលប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ គឺ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា «​ថ្ងៃនេះ តម្លៃ​ស្រូវ​សែន​ក្រអូប បាន​ឡើងថ្លៃ​បន្តិច ចន្លោះ​ពី ៩៦០-១០០០ រៀល ស្រូវ​អត់​មាន​ជំងឺ​។ ស្រូវ​ជំងឺ បាន​តម្លៃ ៩០០-៩៤០ រៀល​»​។​

​ឆ្លើយតប​នឹង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រា​ប់លោក សារ៉ន ដោយ​សង្ឃឹមថា សម្ព័ន្ធ​ស្រូវ​អង្ករ នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​ព្រឹក​មិញ​នេះ​។​

​លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​បាន​ជាប់ឆ្នោត ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​អាណត្តិ​ទី​៣ ជំនួស​លោក សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​ថា សហព័ន្ធ​ស្រូវ​អង្ករ ខិតខំ​បង្រួបបង្រួម​សមាជិក​ឲ្យ​ជួយ​កសិករ ស្របតាម​អនុសាសន៍​របស់​សម្តេច​។ យើង​ខិតខំ​ឲ្យ​តម្លៃ​ស្រូវ​អាទិត្យ​ក្រោយ មាន​លំនឹង​ពី​ចន្លោះ ១០០០-១០៥០ រៀល ក្នុង ១​គីឡូក្រាម​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​អោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម ធ្វើការ​រួមគ្នា ជួយ​កសិករ ក្នុងការ​ទប់ស្កាត់​នូវ​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ នៅពេល​បច្ចុប្បន្ន​។

​ក្រៅពី​បញ្ជា​ដល់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកទទួល​ទិញស្រូវ កុំ​ឲ្យ​ទម្លាក់​ថ្លៃ​ស្រូវ ពេល​ទិញ​ពី​កសិករ​​។

ជាវិធានការ ដូចរៀងរាល់ឆ្នាំ ដើម្បីទប់ស្កាត់​ស្រូវចុះថោកនេះ រាជរដ្ឋាភិបាល តាមរយៈធនាគារ​អភិវឌ្ឍន៍ជនបទ បានបញ្ចេញថវិកាប្រមាណ ៥០លានដុល្លារ​ ផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង