សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានក្រុមហ៊ុនមីនីបៀ នៃប្រទេសជប៉ុន នៅវិមានសន្តិភាព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន។

លោកកៃនូម៉ា បានគោរពរាយការណ៍ជូនសម្ដេចតេជោថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ប្រមាណ ៣៧២លានដុល្លារសហរដ្ឋអាមេរិច ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅរហូតដល់៤០០លានដុល្លារសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះគឺនឹងបិតស្លាកថា Made in Cambodia មានន័យថាផលិតនៅកម្ពុជា ហើយផលិតផលនេះ គឺនាំចេញទៅទូទាំងពិភពលោក  និងក្រុមហ៊ុនមានកម្មករចំនួន ៧ពាន់នាក់ហើយ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ហើយកម្មករទាំងនោះ បានមកពីខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ សម្ដេចតេជោធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយតែពេលនេះក្រុមហ៊ុនមីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យាក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង