ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំឆ្នាំ​២០១៩៖ ខែមករា​!

(​ភ្នំពេញ​)៖ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដាច់​ឆ្នាំ​២០១៩​។ នៅថ្ងៃនេះ Swift News សូម​លើក​បង្ហាញ​នូវ​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ នៅ​ខែមករា ឆ្នាំ​២០១៩ សូម​ប្រិយមិត្ត តាមដាន ដូចខាងក្រោម​៖

១-​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៨-២០១៩ នៅ​វិមាន​ឈ្នះ​ឈ្នះ​៖
​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ខួប ២០​ឆ្នាំ នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ឈានដល់​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា បាន​ប្រារព្ធ​ឡើង​រយៈពេល ៣​ថ្ងៃ ៣​យប់ ចាប់តាំងពី​ថ្ងៃទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០១៨​។ នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ដែលជា​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​រយៈពេល ៣​ថ្ងៃ និង​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ផង ក៏មាន​ការរៀបចំ​ពិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ និង​ប្រជាពលរដ្ឋ​រាប់សែន​នាក់ បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៨ ចូលឆ្នាំ​២០១៩ នៅ​វិមាន​ឈ្នះ​ឈ្នះ នៅ​រាជធានី​ភ្នំពេញ​។

​កម្មវិធី​កំសាន្ត​សប្បាយ​ជាច្រើន ត្រូវបាន​ធ្វើឡើង នៅ​វិមាន​ឈ្នះ​ឈ្នះ ដែលមាន​ការប្រគុំ​តន្ត្រី ស្តង់​ពិព័រណ៍ ព្រមទាំង​ពិធី​បាញ់​កាំជ្រួច ឆ្លង​ឆ្នាំ​យ៉ាង​អធិក​អ​ធ័​ម​ក្រៃលែង​។​

២- រដ្ឋសភា អនុម័ត​វិសោធនកម្ម​ច្បាប់​បន្ថែម​សមាជិក និង​កែសម្រួល​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​៖
​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​អនុម័ត កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​។ វិសោធន​កម្មនេះ មាន​គោលដៅ​បន្ថែមចំនួន​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមករា រដ្ឋសភា​ក៏បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ផងដែរ​។ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមករា រដ្ឋសភា ក៏បាន​ប្រកាស​បញ្ចប់​ស​ម័​យ​ប្រជុំ លើក​ទី​១ នីតិកាល​ទី​៦ រយៈពេល​ជាង ៣​ខែ ចាប់តាំងពី​រដ្ឋសភា អាណត្តិ​ទី​៦ បាន​បង្កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​។​

៣- អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាសថា មិនមាន​ការវិនិយោគ ឬ​រុះរើ​ផ្សារ​ដើម​គ​នោះឡើយ៖
​បន្ទាប់ពី​រាជរដ្ឋាភិបាល បានចេញ​សេចក្តីជូនដំណឹង ស​.​ជ​.​ណ ស្តីពី​ការបង្កើត​ផ្សារ​លក់​បន្លែ ផ្លែឈើ បោះ​ដុំ​លើ​ផ្ទៃដី ២០​ហិច​តា នៅ​បឹង​តា​មោក រួចមក បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារ​ដើម​គ ព្រួយបារម្ភ និង​យល់​ច្រ​លំ ថា​អាជ្ញាធរ​នឹងត្រូវ​ធ្វើការ​រុះរើ​ផ្សារ​ដើម​គ យកទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​។ ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែមករា បាន​បញ្ជាក់ថា ពុំមាន​គម្រោង​វិនិយោគ ឬ​រុះរើ​ផ្សារ​ដើម​គ​នោះទេ ពោលគឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​បង្កើត​ផ្សារ​លក់​បោះ​ដុំ បន្លែ​ផ្លែឈើ និង​ជា​ចំណតរថយន្ត នៅ​បឹង​តា​មោក ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ និង​បញ្ហា​បរិស្ថាន អនាម័យ​ប៉ុណ្ណោះ​។​

៤-​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩៖
​កាលពី​ថ្ងៃទី​០៤ ខែមករា ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ បានចាប់ផ្តើម​ជា​ផ្លូវការ នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​។ កីឡាករ​កីឡាការិនី ដែល​សុទ្ធសឹង​ជា​កងទ័ព បាន​ចូលរួម​ចំនួន ១៩០ រូប លើ​ប្រភេទ​វិ​ញ្ញា​គ្រោះថ្នាក់​ជាច្រើន ក្នុងនោះ ក៏​រួមមាន​ដែរ ការបាញ់​កាំភ្លើង​គ្រាប់​ពិត និង​វិ​ញ្ញាគ​ប់​គ្រាប់បែក ជាដើម​។ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ ធ្វើឡើង ដើម្បី​បំផុសគំនិត​សម​គ្គី​ផ្ទៃក្នុង តាម​បណ្តា​អង្គភាព​នានា ក្នុង​ជួរ​កងទ័ព និង​ការអបអរ​ទិវា​ជ័យជំនះ ៧ មករា ដែល​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ នា​ថ្ងៃទី​៧ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

៥-​មហា​មី​ទ្ទិញ​អបអរ​ជ័យជម្នះ​ថ្ងៃ ៧​មករា ប្រារព្ធ​ឡើង​ទ្រង់ទ្រាយ​ធំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក៖​
​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ មហា​មិ​ទ្ទិញ ត្រូវបាន​រៀបចំឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រារព្ធ​ខួប ៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជំនះ ៧​មករា ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​អ្នកចូលរួម​ជាង ៦​ម៉ឺន​នាក់​។

​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះប្រជាជន​កម្ពុជា អោយ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​បានរួម​ចំណែក ធ្វើអោយ​មាតុភូមិ​កម្ពុជា ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដោយបាន​កសាង​សមិទ្ធផល​ធំៗ ជាច្រើន​លើ​គ្រប់​វិស័យ​។

​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា អ្នកប្រឆាំង​នឹង​ថ្ងៃ ៧ មករា គឺជា​ជន​អគតិ គាំទ្រ​ពួក​ខ្មែរក្រហម ប្រឆាំងនឹង​ការរស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ប្រឆាំងនឹង​ព្រះមហាក្សត្រ​។​

​នៅក្នុង​អង្គ​មហា​មិ​ទ្ទិញ កាលពី​ព្រឹក​ថ្ងៃទី​៧​មករា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើក​បង្ហាញ​ពី​ទុក្ខវេទនា​របស់ ប្រជាពលរដ្ឋ​ខ្មែរ ក្នុងសម័យ​ខ្មែរក្រហម និង​បាន​លើក​បង្ហាញ​ពី​ការតស៊ូ​ពលី​កម្ម របស់​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ក្នុង​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅ​ស្រោចស្រង់ អាយុជីវិត​ប្រជាពលរដ្ឋ និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​។

៦-​ការកែប្រែ​ច្បាប់​គណបក្សនយោបាយ​៖
​សេចក្តីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី គណបក្សនយោបាយ ត្រង់​មាត្រា​៤៥​ថ្មី ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ ជាប់​បម្រាម​តុលាការ​កំពូល អាច​ទទួល​ការលើកលែងទោស បាន​ចូល​ជា​ធរមាន​ហើយ​។ នេះ​បើតាម​ព្រះរាជក្រម កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៨ ខែមករា​។

ភ្លាមៗ លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់​បូរ៉ា ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ជាប់​បម្រាម​របស់​តុលាការ​កំពូល ចំនួន ១១៨​នាក់ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ បានដាក់​ពាក្យស្នើសុំ​ដាច់ដោយឡែក​ពីគ្នា ជូន​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​លទ្ធភាព មុននឹង​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី ទូលថ្វាយ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស ដើម្បី​ឲ្យ​ឪពុក​កូនលោក​ទាំង​២ បាន​វិលត្រឡប់ មក​ធ្វើ​នយោបាយ​ឡើងវិញ​។​

៧-​រាជរដ្ឋាភិបាល បង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុ​ដ ក្នុង​ខេត្តរតនគិរី​៖
​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុ​ដ ដែលមាន​ផ្ទៃដី​ទំហំ​ជាង ១១០ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ការសម្រេច​បង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុ​ដ ក្នុង​ខេត្តរតនគិរី ធ្វើឡើង ក្នុង​គោលបំណង​៖ ធានា​ការថែរក្សា ការពារ​សោភ័ណភាព​ធម្មជាតិ សត្វព្រៃ និង​វប្បធម៌ រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​ដល់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​។

​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ កម្ពុជា មាន​តំបន់ការពារទេសភាព ចំនួន ១០ តំបន់ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រឹត្យ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដោយមាន​ផ្ទៃដី​សរុប​ជិត ១៥​ម៉ឺន​ហិកតា ស្ថិតនៅ​ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ តាកែវ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី​។

៨-​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​អ្នកកាសែត ជា​លើក​ទី​៣៖
​ដូច​ការគ្រោងទុក កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែមករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន ជា​លើក​ទី​៣​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការរីកចម្រើន​របស់​ប្រទេសជាតិ មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​អ្នកកាសែត​បានទេ​។ ក្នុងនោះ ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគ​គិ​នប​រទេស​។​

​ក្នុង​ពិធី​ជួបជុំ លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​សំណូមពរ ៨ ចំណុច ជូន​អ្នកសារព័ត៌មាន រួមមាន​៖ ១-​អ្នកសារព័ត៌មាន ត្រូវ​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ការពិត​ក្នុងសង្គម ២-​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ធ្វើជា​ស្ពាន​ចម្លង​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល ៣-​រិះគន់​ស្ថាបនា ទាំង​គោលនយោបាយ ស្ថាប័ន និង​បុគ្គល ៤-​ចូលរួម​វិភាគ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​ជាតិ តំបន់ និង​អន្តរជាតិ ៥-​អ្នកសារព័ត៌មាន ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ បង្កើន​សមត្ថភាព ៦-​ខិតខំ​លុបបំបាត់​ក្រុម​ព័ត៌មាន ដែល​ជំរិត​ទារប្រាក់ ៧-​ចូលរួម​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​៨-​អ្នកសារព័ត៌មាន ត្រូវ​បង្កើន​ធនធានមនុស្ស ហើយ​ដើរ​ឲ្យ​ទាន់​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​។​

៩-​រាជរដ្ឋាភិបាល ឈប់​ឲ្យ​ផ្តល់​លិខិតឆ្លងដែន​ការទូត ដល់ទី​ប្រឹក្សា ឬ​ជំនួយការ ជា​ជនបរទេស​៖
​កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារា​ចរណ៍​ណែនាំ ស្តីពី ការផ្តល់​លិខិតឆ្លងដែន​ការទូត ដោយ​ក្នុងនោះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ថា លិខិតឆ្លងដែន​ការទូត​របស់​កម្ពុជា មិនត្រូវ​ផ្តល់ជូន​ទីប្រឹក្សា ឬ​ជំនួយការ ជា​ជនបរទេស ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ឡើយ​។

​ក្នុង​សារាចរ​ណែនាំ​នេះ សម្តេច​តេ​ជោ ក៏បាន​កំណត់​រយៈពេល ១​ខែ ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ ប្រមូល​មកវិញ​នូវ​លិខិតឆ្លងដែន​ការទូត ដែល​បានផ្តល់​ឲ្យ​ទីប្រឹក្សា និង​ជំនួយការ ដែលជា​ពលរដ្ឋ​បរទេស មិនមាន​ដើមកំណើត​ខ្មែរ​។​

១០-​សម្តេច​តេ​ជោ អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ចំណាយ​ថវិកា​ជាង ២៧៣ លាន​ដុល្លារ​៖
​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កម្ពុជា មាន​ប្រវែង​ជាង ៥២ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ផ្លូវជាតិ​លេខ​១ ក្នុង​មូលដ្ឋាន​ខេត្តកណ្តាល ត្រូវបាន​បើក​ការដ្ឋាន សាងសង់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ផ្លូវ​មួយ​ខ្សែ​នេះ ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៧៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ថវិកា​ហិ​រ​ញ្ញាប្ប​ទាន​របស់​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​ដោះស្រាយ​ផលប៉ះពាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ តាម​ផែនការ ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​រួចរាល់ ដាក់អោយ​ពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២១ ខាងមុខ​។

១១- ក្រសួងសុខាភិបាល សម្រេច​បិទ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ ក្រោយ​មាន​ករណី​បង្ខំ និង​បង្ខាំង​អ្នកជំងឺ​៖
​ក្រោយ​មាន​ករណី​ចាប់បង្ខំ​នារី​ម្នាក់ ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់ ២០០០ ដុល្លារ បង់ថ្លៃ​ព្យាបាល នៅ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ រួចមក​នោះ កាលពី​ថ្ងៃទី​១៤ ខែមករា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានសម្រេច បិទ​មន្ទីរពេទ្យ​ឯកជន វ៉ិ​ច​តូ​រៀ ដែល​ស្ថិតនៅ​ផ្លូវ​កាច់ជ្រុង​ភ្លើងស្តុប​ផ្សារ​មាន់​អាំង ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា នឹងធ្វើ​ការស្រាវជ្រាវ ជុំវិញ​ករណី​បង្ខំ​វះកាត់ និង​បង្ខាំង​អ្នកជំងឺ​នេះ​បន្តទៀត​ផងដែរ​។ ជា​លទ្ធផល បុរស​មេការ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការ​បាន​ចោទប្រកាន់ និង​បញ្ជូន​បុរស​មេការ​ជនជាតិ​ចិន​នោះ ទៅ​ឃុំឃាំង​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​។

១២-​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​៖
​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បានរៀបចំ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា នៅលើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​។ តាមរយៈ​កិច្ចប្រជុំ​នេះ បញ្ហា​តំបន់ និង​ពិភពលោក​ជាច្រើន ត្រូវបាន​លើកយក​មក​ពិភាក្សា​។ អង្គការ​វេទិកា​ទាំងមូល បានចាត់ទុក​សន្តិភាព និង​កិច្ច​សហ​ប្រតិការ​ដោយស្មោះ​ត្រង់ គឺជា​យុទ្ធនាការ​ដ៏​សំខាន់ ដែល​អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​រួម​របស់​តំបន់ និង​ពិភពលោក នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។ កម្ពុជា ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ បាន​ចែករំលែក​បទពិសោធន៍​ជាច្រើន ដល់​ប្រទេស​ជា​សមាជិក ពិសេស​ការអនុវត្តន៍​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ក្នុងការ​សង្គ្រាម និង​រក្សាបាន​នូវ​សន្តិភាព ការអភិវឌ្ឍន៍ ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រទេស​ទាំងអស់​។​

១៣-​ព្រះមហាក្សត្រ ផ្តល់​នីតិសម្បទា​ដល់​លោក គង់ គាំ និង​កូនប្រុស ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​៖
​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ពីរ​ដាច់ដោយឡែក​ពីគ្នា ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ​ឲ្យ​លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ ដើម្បី​បើកផ្លូវ​ឲ្យ​លោក គង់ គាំ និង​លោក គង់ បូរ៉ា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ នាពេលនេះ បានធ្វើ​ឡើង តាម​លិខិត​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

១៤-​ប្រមុខ​រាជរដ្ឋាភិបាល ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក្សា​ទឹក​ទុក ឲ្យ​បានល្អ សម្រាប់​ផ្គត់ផ្គង់​នៅ រដូវប្រាំង​៖
​ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩ ដែល​ចូល​មកដល់​នៅ​ខែកុម្ភៈ​កម្ពុជា ជួប​គ្រោះ​ហួតហែង​ខ្លាំង ជាពិសេស​ក្នុងអំឡុង​ខែមេសា និង​ខែឧសភា កម្តៅ ហក់​ឡើងដល់ ៤០ ទៅ ៤២ អង្សា ដោយសារតែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។

ចំពោះមុខ​អាកាសធាតុ ដែល​អាច​ក្តៅ​ខ្លាំង នៅ​រដូវប្រាំង​នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែមករា បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចាត់វិធានការ​ថែរ​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំថ្ងៃ នៅ​រដូវប្រាំង​។

១៥-​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ចិន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០-២៣ ខែមករា​៖
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន រយៈពេល ៤​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុនសែន ជួប​សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន ឯកឧត្តម​លី​ចាន់​ស៊ូ​(LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ឯកឧត្តម​វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​។ ការជួបពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​

១៥-​អឺរ៉ុប សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​៖
​កាលពី​ថ្ងៃទី​១៧ ខែមករា សហភាព​អឺរ៉ុប បានប្រកាស​ពី​ការសម្រេច យកពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា ដោយ​អនុវត្ត​ពីថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ ក្នុង​រយៈពេល ៣​ឆ្នាំ​។ នៅ​ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប យកពន្ធ ២០០ ដុល្លារ ក្នុង​អង្ករ​កម្ពុជា ១​តោន ហើយ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នឹង​បន្ថយ​បន្តិចបន្តួច​។ ការសម្រេច​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា ទៅ​អឺរ៉ុប​នេះ នាំ​ឲ្យ​កម្ពុជា​ខាតបង់​ប្រមាណ ៥០​លាន​ដុល្លារ ក្នុង ១​ឆ្នាំ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ការដែល​សហភាព​អឺរ៉ុប យកពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ឡើយ ប៉ុន្តែ​កម្ពុជា នឹងដាក់​ពាក្យ​តវ៉ា​។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ក៏បាន​ចាត់វិធានការ​រួចហើយ ដើម្បី​ឆ្លើយតប​នឹង​ការយកពន្ធ​អង្ករ​កម្ពុជា ដោយ​ឧបត្ថម្ភ​ធន ប្រមាណ ៥០ ទៅ ៦០​លាន​ដុល្លារ កាត់បន្ថយ​ថ្លៃដើម និង​ប្តូរ​ទីផ្សារ ទៅកាន់​ប្រទេស​ចិន ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជាដើម​។

១៦-​ចិន ផ្តល់ជំនួយ​ជិត ៦០០ លាន​ដុល្លារ និង​សន្យា​ទិញ​អង្ករ ៤០​ម៉ឺន​តោន​ពី​កម្ពុជា នៅ​ឆ្នាំ​២០១៩៖
​កាលពី​ថ្ងៃទី​២២ ខែមករា ជា​ថ្ងៃទី​៣ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤​ថ្ងៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា​។ ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ប្រធានាធិបតី​ចិន ឯកឧត្តម ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ​ជិត ៦០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្ពុជា និង​បាន​សន្យា​បង្កើន​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា អោយបាន ៤០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៩ នេះ​។ ដោយឡែក ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា​-​ចិន កាលពី​ថ្ងៃទី​២២ ខែមករា នៅ​ទីក្រុង​ប៉េកាំង សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ពន្យល់​លម្អិត​ពី​គោ​លន​យោ​យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ និង​ធ្វើកំណែទម្រង់ ជា​បន្តបន្ទាប់ ក្នុងន័យ​គាំពារ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​។ ក្នុងន័យនេះ សម្តេច​តេ​ជោ បានប្រកាស​ស្វាគមន៍ និង​លើកទឹកចិត្ត អោយមាន​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត របស់​ចិន នៅ​កម្ពុជា​។​

១៧-​សម្តេច​តេ​ជោ បញ្ជា​អោយ​កងកម្លាំងប្រដាប់អាវុធ បំផ្លាញចោល​ក្រុម​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល ស្របច្បាប់ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលមាន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ បាន​ប្រារព្ធ​មី​ទ្ទិញ​អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​។ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​មី​ទ្ទិញ​អបអរសាទរ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស ៥ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ អោយ​កងកំលាំងប្រដាប់អាវុធ​គ្រប់​កំរិត វាយកម្ទេច​ចោល​ចលនា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា​នោះឡើយ​។ សម្តេច​តេ​ជោ អះអាងថា ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ជា​អំពើ​ខុសច្បាប់ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិនអាច​អត់អោន​អោយបាន​ឡើយ​។

១៨- រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អតីត​បុគ្គលិក​កាសែត​កម្ពុជា រម្លឹក​ខួប ៤០​ឆ្នាំ នៃ​ថ្ងៃ​ចេញផ្សាយ​កាសែត​កម្ពុជា លើកដំបូង​៖

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ជា​ថ្ងៃកំណើត គម្រប់ ៤០​ឆ្នាំ ដែល​កាសែត​កម្ពុជា បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩៧៩​។ ដើម្បី​អបអរសាទរ​ដល់​ថ្ងៃ​ចេញផ្សាយ​កាសែត​កម្ពុជា ជា​លើកដំបូង​នេះ ក្រុមអ្នកកាសែត​កម្ពុជា និង​អតីត​អ្នកកាសែត ដែល​បម្រើ​ការងារ​នៅ​កាសែត​កម្ពុជា បានរៀបចំ​ពិធី​ជួបជុំ អបអរសាទរ ខួប​ទី​៤០​ឆ្នាំ នៃ​ការចាប់បដិសន្ធិ​កាសែត​កម្ពុជា​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អតីត​ប្រធាន​កាសែត​កម្ពុជា​។ កាសែត​កម្ពុជា ដែល​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ បាន​ប្តូរ​មកជា ទស្សនា​វ​ដ្តី​កម្ពុជា ស្ថិតនៅក្រោម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP របស់​ក្រសួង​ព័ត៌មាន រហូតដល់​សព្វថ្ងៃនេះ​។​

១៩-​ប្រតិភូ​សិទ្ធិមនុស្ស​កម្ពុជា ចេញទៅ​ការពារ​របាយការណ៍ UPR នៅ​ប្រទេស​ស្វី​ស​៖
​កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​ការពារ​របាយការណ៍ ស្ដីពី​សិទ្ធិមនុស្ស នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ ប្រធាន​ប្រតិភូ ឯក​ឧ​ត្ត កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អំពី​ការវិវឌ្ឍ និង​ភាពប្រសើរឡើង នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

២០-​កម្ពុជា បញ្ជូន​កងវិស្វកម្ម​ក​ម្លាំ​ង​មួក​ខៀវ​ជិត ២០០​នាក់ ទៅ​សាធារណរដ្ឋ​លី​បង់​៖
​កងវិស្វកម្ម កម្លាំង​មួក​ខៀវ លេខ ៦៩៣ ចំនួន ១៨៤​នាក់ បាន​ចាក​ចេញពី​កម្ពុជា តាម​យន្តហោះ​របស់​អង្គការសហប្រជាជាតិ កាលពី​យប់​ថ្ងៃទី​២៧ មករា ឆ្ពោះទៅកាន់​នៅ​សាធារណរដ្ឋ​លី​បង់​។ ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា ក្រុម​ថ្មី ទៅកាន់​សាធារណរដ្ឋ​លី​បង់ នាពេលនេះ គឺ​ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់ និង​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ស្វែងរក​សន្តិភាព នៅក្នុង​ប្រទេស​លី​បង់​។ ចាប់ពី​ឆ្នាំ​២០០៦ មកដល់ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប ៥៧៨៣ នាក់ ទៅ​បំពេញបេសកកម្ម​ចំនួន​១០ ក្នុងប្រទេស​ចំនួន​៨ នៅ​ទ្វីបអាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា លើ​ជំនាញ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តម្រួត​សណ្តាប់ធ្នាប់ និង​វិស្វកម្ម ជាដើម​។​

២១-​រដ្ឋាភិបាល សម្រេច​លុបចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់ក្រុង​ស្រុកខណ្ឌ​​៖
​កាលពី​ចុងខែ​មករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​លើ​គោលការណ៍​សំខាន់ៗ​ចំនួន ៧​ចំណុច ក្នុង​កំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រុង​ស្រុក ស្របតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ក្នុងនោះ គឺ​រាជរដ្ឋាភិបាល បានសម្រេច​លុបចោល​កា​រិ​យា​ល័យ​ជំនាញ​របស់​ក្រសួង​ស្ថាប័ន​មួយចំនួន នៅ​ថ្នាក់ក្រុង​ស្រុក​។ គោលបំណង​នៃ​កំណែទម្រង់​នេះ គឺ​ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការបំពេញ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង​ស្រុក​។​

២២-​រដ្ឋមន្ត្រីការបរទេស បង្ហាញ​ជំហរ និង​សេចក្ដីប្រាថ្នា ទៅកាន់ NGOs បរទេស ប្រចាំ​កម្ពុជា​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ក្រសួងការបរទេស បានរៀបចំ​ជំនួប​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ នៅ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ នៅ​ក្រសួងការបរទេស ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​ពី​ជំហរ និង​សេចក្ដីប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​កិច្ចសហប្រតិបត្តិការ កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង