នគរបាលអន្តោប្រវេសន៍ច្រកដូងម្នាក់ ផឹកស្រាស្រវឹងបាញ់ច្រើនគ្រាប់ ជាប់ខ្នោះខ្មាស់គេ

(បាត់ដំបង)៖ ជានគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិដូង ថ្នាក់វរសេនីយ៍ បានផឹកស្រាស្រវឹង ហើយបាញ់បោះសេរីច្រើនគ្រាប់ ត្រូវកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍បាញ់បោះសេរីដោយអាងខ្លួនជាសមត្ថកិច្ចប្រើកំភ្លើងខ្លីទំនើបនេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យជាអ្នកបាញ់មាន ឈ្មោះ នៅ លីដា ឋានៈវរសេនីយ៍ត្រី នៃនគរបាលអន្តោប្រវេសនៅច្រកអន្តរជាតិដូង បានបាញ់អស់១៤គ្រាប់ ដោយប្រើអាវុធខ្លី ធុន SIG SAUER។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបាន ដកហូតសម្ភារ: អាវុធខ្លី១ដើម គ្រាប់ក្នុងបង់៣គ្រាប់ គ្រាប់ក្នុងប្រអប់១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ និងរថយន្ត Lexus300។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនាំឲ្យជនសង្ស័យខាងលើប្រើកាំភ្លើងបាញ់ច្រើនគ្រាប់ ដោយសារស្រវឹងស្រា។

ដោយឡែកបើតាមប្រភពព័ត៌មាន ដែលទទួលបាន ជនបង្កខាងលើមានឪពុកក៏ជានគរបាលអន្តោប្រវេសន៍ដែរតែនៅច្រកអន្តរជាតិប៉ោយប៉ែត ហើយជនបង្កក៏កំពុងរត់ការផ្លាស់ប្តូរពីច្រកដូង ទៅច្រកអន្តរជាតិប៉ោយប៉ែត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង