រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប លើក​ទី​១៤ នៅ​អេ​ស្ប៉ា​ញ ពីថ្ងៃ​ទី​១៥-១៦ ខែធ្នូ​

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានប្រកាសថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ី​-​អឺរ៉ុប លើក​ទី​១៤ (ASEM FMM14) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស បន្តថា ក្រោម​មូលបទ «​អាស៊ី និង​អឺរ៉ុប រួមគ្នា​ដើម្បី​ពហុភាគី​និយម ប្រកបដោយ​ប្រសិទ្ធភាព​» កិច្ចប្រជុំ ASEM FMM14 នឹង​ពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពហុភាគី​និយម​ដំណើរការ​ឡើងវិញ និង​ដើម្បី​កសាង​ការតភ្ជាប់​ប្រកបដោយ​និរន្តរភាព សម្រាប់​ជា​ប្រយោជន៍​ដល់​ទ្វីប​ទាំងពីរ គឺ អាស៊ី និង​អឺរ៉ុប​។
​ ​
​សេចក្តីប្រកាស បន​ត្ថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​កិច្ចប្រជុំ ASEM FMM14 ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ប្រកបដោយ​ខ្លឹមសារ ដោយ​ផ្តោតជាសំខាន់​ទៅលើ​បញ្ហា​សមភាព​យេនឌ័រ និង​តួនាទី​របស់​ស្ត្រី នៅក្នុង​សន្តិភាព និង​សន្តិសុខ ជាពិសេស​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (UN PKO)​។
​ក្រសួងការបរទេស បន្ថែមថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ថ្ងៃត្រង់​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​លក្ខណៈ ប្រជុំ​ចង្អៀត ដែល​ក្នុងឱកាស​នោះ ឯកឧត្តម នឹង​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។
​ ​
​ជាងនេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជម្រាបជូន​កិច្ចប្រជុំ​អំពី​ការត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៅក្នុង​ឆ្នាំ​២០២០ (13th ASEM Summit 2020)​។​
​ ​
​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ឥស្សរជន​មួយចំនួន​នៃ​ប្រទេស​ជា​សមាជិក ASEM ផងដែរ​។​
​ ​
​កិច្ចប្រជុំ ASEM គឺជា​វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ី និង​អឺរ៉ុប ដោយ​ផ្តោតលើ​សសរស្តម្ភ​បី គឺ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ កម្ពុជា បាន​ក្លាយជា​សមាជិក ASEM នៅ​ថ្ងៃទី ០៨ ខែតុលា ឆ្នាំ​២០០៤​។ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដែល​នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ថែមទៀត សម្រាប់​កម្ពុជា ហើយក៏​ជាការ​បង្ហាញ​ពី​តួនាទី​ដ៏​សកម្ម និង​ប្រកបដោយ​ការស្ថាបនា​នៅក្នុង​ក្របខ័ណ្ឌ ASEM ៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង