លោក គង់ គាំ អតីត​អ្នក​ស្និទ្ធ​នឹងសម រង្ស៊ី លើក​បង្ហាញ​ពី​ការបែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​រវាង​ក្រុម​សមរង្ស៊ី និង​កឹម​សុខា ទាំង​ថ្នាក់ដឹកនាំ និង​ទាំង​អ្នកគាំទ្រ​!

(​ភ្នំពេញ​)៖ លោក គង់ គាំ អតីត​អ្នក​ស្និទ្ធ​នឹង​លោក សម រង្ស៊ី បាន​លើក​បង្ហាញ​ពី​ការបែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​រវាង​ក្រុម​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា​។ នោះ​គឺ​លោក គង់ គាំ បាន​លើកឡើងថា អតីត​អ្នកនយោបាយ (CNRP រំលាយ​ដោយ​តុលាការ​កម្ពុជា​) ដែល​ទាំង​មុន ទាំង​ក្នុងពេល​ចូលរួម​គ្នា (​សម រង្ស៊ី កឹម សុខា តែមួយ​) គ្មាន​ភាពរលូន និង​ជឿជាក់​រវាង​គ្នា​សោះ​នោះ មកដល់​ក្រោយពេល​រំលាយ គេ​បានឃើញ​កាន់តែ​ជាក់ស្តែង​នូវ​ការបែកបាក់​គ្នា ទាំង​រវាង​ថ្នាក់ដឹកនាំ ទាំង​រវាង​សកម្មជន និង​ទាំង​រវាង​អ្នកគាំទ្រ​។​

​លោក គង់ គាំ បន្ថែមថា ពេលនេះ លេចធ្លោ​បំផុត គឺ​ខាង​កឹម សុខា មាន​កញ្ញា កឹម មនោ​វិទ្យា ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផង ជា​កូនស្រី​បង្កើត​ផង ឈរ​ម្ខាង ជាមួយ​ម្ខាង​ទៀត​មាន​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត ជា​ចៅសង្កាត់​ស្រី​វ័យក្មេង​ដ៏​មានឈ្មោះ​បោះ​សម្លេង​ម្នាក់ ជា​អ្នក​គោរព​ជឿជាក់​ចំពោះ សម រង្ស៊ី បំផុត សុទ្ធតែ​បានចេញ​មកជា​តំណាង​នៃ​ទស្សនៈរ​ប់​ក្រុម​កឹម សុខា និង​ក្រុម​សម រង្ស៊ី ដែល​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​ស្រពិចស្រពិល​អំពី​មន្តអាគម​(​សម រង្ស៊ី កឹម​សុខា​)​ជា​មនុស្ស​តែមួយ តើ​ធាតុពិត​វា​យ៉ាងណា​។

​លោក គង់ គាំ បន្ថែមថា ទស្សនៈ​ផ្ទុយគ្នា គឺថា​ក្រុម​សម រង្ស៊ី ដែល​ប្រើ “​យុទ្ធសាស្ត្រ ៩​វិច្ឆិកា​២០១៩” ដោយ​គ្រោង​ដឹកនាំ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​នាំទុក្ខ នាំ​ទោស​ចំពោះ​សកម្មជន ធ្វើអោយ​CNRP​បែកបាក់ ហើយ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ កម្លាំង​ទ័ព​អោយ​ងើប​បះបោរ​ជា​របាំង ជា​ឈ្នាន់ និង​ជំរុញ​អន្តរជាតិ វាយ ហ៊ុន សែន អោយ​ទ្រោម​នោះ ដើម្បី​ក្រុម​ខ្លួន​អាច​ដណ្តើម​អំណាច​ក្រៅ​បែបផែន​ប្រជាធិបតេយ្យ គឺជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេសជាតិ និង​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​។ ដូចនេះ នៅ​ឆ្នាំ​”២០២០” លោក កឹម សុខា នឹង​បង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ ហើយ​ផ្តួចផ្តើម​ការផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​មួយ ផ្ទុយ​ពី​ក្រុម​សម រង្ស៊ី​។​ល​។ ចំណែក​ខាង​ក្រុម សម រង្ស៊ី បានការ​ពារ​ជំហរ​លោក កឹម សុខា គ្មាន​ទោស តម្រូវអោយ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកនយោបាយ​CNRP​ទាំងអស់ និង​ថា​សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែមួយ​(​បើ​រួបរួម រស់ បើ​បែកបាក់ ស្លាប់​)​។​ល​។​

​លោក គង់ គាំ បន្តថា «​ធ្លាប់ជា​អ្នកដឹកនាំ​គណបក្សនយោបាយ​ជាមួយ សម រង្ស៊ី ១៧​ឆ្នាំ​(​ឆ្នាំ​១៩៩៥-​ឆ្នាំ​២០១២) និង​ធ្លាប់ជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៥​ឆ្នាំ​(​ឆ្នាំ​២០១២-​ឆ្នាំ​២០១៧) ខ្ញុំ គង់ គាំ ទទួលស្គាល់ថា រវាង​មេដឹកនាំ​ទាំងពីរ សម រង្ស៊ី និង​កឹម សុខា គឺ​បង្ខំចិត្ត​រួបរួមគ្នា (​ទាំង​គ្មាន​ភាពជឿជាក់​គ្នា​) ដោយមាន​អ្នក​យុទ្ធសាស្ត្រ​បរទេស​ជួយ​ផ្សំផ្គុំ និង​ដោយ​សម្រប​តាម​ស្ថានភាព​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់អោយមាន​ការផ្លាស់ប្តូ​រ ឬ​អោយមាន​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ការបោះឆ្នោត​»​។​

​លោក គង់ គាំ ក៏បាន​បង្ហាញ​ការសោកស្តាយ (​ទីបញ្ចប់​វា​ប្រាប់​ពី​មធ្យោបាយ​) ការប្រើ​កម្លាំង​ប្រជាពលរដ្ឋ​ក្រៅ​សម្លេងឆ្នោត (​នៅ​ឆ្នាំ​២០១៣) និង​នៅ​(​ឆ្នាំ​២០១៨) ការអំពាវនាវ​អោយ​អ្នកគាំទ្រ​ដេក​ផ្ទះ លាប​ពណ៌​គណបក្សនយោបាយ ចូលរួម​ការបោះឆ្នោត​ថា (​ឥតន័យ​) ហើយ​នៅ​(​ឆ្នាំ​២០១៩) អតីត​អ្នកនយោបាយ​CNRP (​ពិសេស​ក្រុម សម រង្ស៊ី បាន​ប្រើ​ជាថ្មី​នូវ​យុទ្ធសាស្ត្រ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ កម្លាំង​ទ័ព​ចូលរួម​គម្រោង​ដឹកនាំ​រដ្ឋប្រហារ (​ទៅ​ចាប់​-​ទៅ​ផ្តួល​) អំណាច​កើត​ពី​ការបោះឆ្នោត ធ្វើអោយ​ការ​ចោទ​ពី (​ប​ទស​ន្និ​ដ្ឋិ​ភាព​-​បទ​ដឹកនាំ​រដ្ឋប្រហារ​) បញ្ចប់​ជោគវាសនា (​អតីត​CNRP និង​អតីត​អ្នកនយោបាយ​CNRP) តាមរបៀប​ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់​ជាង​រៀងរហូត​។​

​លោក គង់ គាំ បន្ថែមថា និយាយ​ត្រង់ នៅ​កម្ពុជា (​ទាំង​កន្លងមក​-​ទាំង​បច្ចុប្បន្ន​-​ទាំង​ទៅ​អនាគត​) គ្មាន​គណបក្សនយោបាយ ក្រុម​នយោបាយ និង​អ្នកនយោបាយ​ណា ដែល​មិន​ពឹង និង​មិន​ទទួល​ជំនួយ​ពី​បរទេស​នោះទេ ប៉ុន្តែ​ពាក្យចាស់​លោក​ថា (​អូស​ទូក​កុំអោយ​ល្អាន ចាប់​ត្រី​បាន​កុំអោយ​ល្អក់​ទឹក​) ហើយ​ថា (​អ្នកខ្លាំង​ច្រើន​មានប្រៀប​) ចំពោះមុខ​នេះ យើង​ចាំមើល (​នីតិរដ្ឋ​-​ច្បាប់​រដ្ឋ​) របស់​គណបក្ស​គ្រប់គ្រង​អំណាច និង​(​នីតិ​មាត់​-​ច្បាប់​តាមតែ​ថា​) របស់​អតីត CNRP រលាយ អតីត​អ្នកនយោបាយ CNRP(​អាច​ឈូស​តុលាការ​-​អាច​ឆា​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​) មុន​ឆ្នាំ​២០២៣ បាន​ដោយ​របៀប​ណា​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង