ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​វៀតណាម បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ២​ថ្ងៃ នៅ​ថ្ងៃទី​១២-១៣​ធ្នូ​

(​ភ្នំពេញ​)៖ ឯកឧត្តម ជឿ​ង ហ័​រ​ប៊ី​ញ ( Truong Hoa Binh ) ឧបនាយករដ្ឋមន្ត្រី ប្រចាំការ របស់​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២-១៣ ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​សេចក្តីប្រកាស លើកឡើងថា ក្នុងឱកាស​ទស្សនកិច្ច នៅ​កម្ពុជា រយៈពេល ២​ថ្ងៃនេះ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច រួមជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​១២ ខែធ្នូ ចាប់ពី​ម៉ោង ១៥:៣០ រសៀល​។ នៅ​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី នឹង​ទទួល​ជប់លៀង​សាយភោជន៍ ជូន​គណៈប្រតិភូ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​សេចក្តីប្រកាស​បន្តថា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ គណៈប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ជឿ​ង ហ័​រ​ប៊ី​ញ នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​ឯកសារ​បង្ហាញថា ឯកឧត្តម ជឿ​ង ហ័​រ​ប៊ី​ញ កើត​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៥៥ បាន​ចូលធ្វើ​ទាហាន ចាប់តាំងពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​២០០៧​។ នៅ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ឯកឧត្តម ជឿ​ង ហ័​រ​ប៊ី​ញ ជា​ប្រធាន​តុលាការ​កំពូល​វៀតណាម​។​

​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម ជឿ​ង ហ័​រ​ប៊ី​ញ បាន​ចូលកាន់​តំណែង ជា​ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ក្នុង​រដ្ឋាភិបាល​វៀតណាម ដែលមាន​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ជា​នាយករដ្ឋមន្ត្រី​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង