រយលានអត្ថន័យ! រូបថតមួយសន្លឹក ថ្ងៃឪពុកទៅទទួលអបអរសាទរកូនទទួលសញ្ញាបត្រ

តាមរយៈរូបថតមួយសន្លឹក បានបង្ហាញអត្ថន័យរយលានមនោសញ្ចេតនារបស់ឪពុកម្នាក់ ក្នុងក្តីស្រលាញ់គណនាមិនអស់ ក្នុងការពុះពារ ការជួយទំនុកបម្រុង ដែលជម្រកនៃព្រហ្មវិហារធម៏របស់ឪពុកម្តាយមិនអាចកាត់ថ្លៃបាន ។

ឪពុក​ម្តាយតែងប្រកបដោយព្រហ្មវិហារធម៌ ៤ យ៉ាងសម្រាប់បុត្រធីតាដែលមាន៖

ទី១ ៖ មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។

ទី២ ៖ ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេរូបឆាប់រួចចាកសេចក្តីទុក្ខនោះ។

ទី៣ ៖ មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។

ទី៤ ៖ ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា ។

ហើយមាតាបិតា​តែងសង្គ្រោះ​បុត្រធីតា​ដោយ​ធម៌ ៥ ឫហៅថា សង្គហធម៌របស់​មាតាបិតាយ៉ាងគឺ៖
១- បាបា និវារេន្តិ មាតាបិតា តែងតែហាម​ប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​ទាំង​ឡាយ​ទាំង​ពួក​ដែល​សង្គម​ស្អប់ខ្ពើម ពោល​គឺវៀរចាក​ការ​សម្លាប់សត្វ បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួចឆក់ប្លន់​ កេងប្រវ័ញ្ចទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ការប្រព្រឹត្តិ​ល្មើស​រំលោភ​ប្រពៃណី លើប្រពន្ធកូន​អ្នក​ដទៃ ការ​និយាយកុហក ឆបោក​អ្នកដទៃ ព្រមទាំង​វៀរចាក​ការ​សេពគ្រឿងស្រវឹង ឬ គ្រឿងញៀន​ផ្សេងៗ មាន អាភៀន យ៉ាម៉ា មួយអន្លើ​ដោយល្បែងពាលា អាវាសែគ្រប់ប្រភេទ ដែលនាំមកនូវ​សេចក្ដីវិនាសអន្តរាយ​ដល់​ខ្លួន និង សង្គម​ជាតិ។

២- កល្យាណេ និវេសេន្តិ មាតាបិតា តែង​តែ​ដឹងនាំ​កូនឲ្យ​ធ្វើអំពើ​បុណ្យ​កុសល អំពើ​សុចរិត​យុត្តិធម៌ ដូចជាការ​ធ្វើទាន រក្សាសីល ការចេះគោរព​ម្ដាយឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដមព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង​ជាដើម។

៣- សិប្បំ សិក្ខាបេន្តិ កាល​បើកូនមានវ័យ​ល្មម​នឹង​សម​នឹង​សិក្សា ឪពុកម្ដាយ តែងតែ​ខ្នះខ្នែង​បញ្ជូន​កូន​ឲ្យ​ទៅរៀន​សូត្រ​តាម​សាលានានា និង ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​កូន​ស្រឡាញ់​ពេញ​ចិត្តចំពោះ​ការសិក្សា ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ជាពិសេស មុខវិជ្ជា​ដែល​សង្គម​ត្រូវ​ការ​នា​បច្ចុប្បន្ន​នេះ។ មិនតែប៉ុណ្ណោះ​គាត់​ថែម​ទាំង​ពន្យល់​អំពីផលវិបាក​នៃភាពល្ងង់ខ្លៅ ដែលជាមាគ៌ា​មួយឈាន​ទៅរក​ឱនភាព ភាពថោកទាប មិនអាច​ថែរក្សា ឬ លើកស្ទួយ​ជីវភាពគ្រួសារ ឲ្យរុងរឿង​ថ្កុំថ្កើង​បាន​ឡើយ។ មានតែចំណេះ​ចេះ​ដឹង​ប៉ុណ្ណោះ ដែល​ឲ្យ​ធ្វើ​យើង​មានកិត្តិយស​ថ្លៃថ្លា មានគេគោរព​រាប់អាន និង អាច​ជួយ​លើកស្ទួយ​វង្ស​ត្រកូល​ ជាតិ សាសនា ឲ្យបានរុងរឿង ចំរើនជា​ភិយ្យោភាព។

៤- បដិរូបេន ទារេន សញ្ញោជេន្តិ មាតាបិតា កាលបើ​ដឹង​ថា កូនរបស់​ខ្លួន​ចំរើន​វ័យ​ធំល្មម​មានគូស្រករ​ហើយ គាត់​តែង​តែ​រៀប​ចំ​ទុកដាក់​កូន​ចៅ​ឲ្យ​មាន​ភរិយា ស្វាមី ទៅតាម​សមត្ថភាព ធនធាន​ពូជពង្ស​វង្សត្រកូល និង តាមប្រពៃណី​របស់​ខ្លួន។

៥- សមយេ ទាយំជ្ជំ និយ្យាទេន្តិ មាតាបិតា តែងចែក​ចាយទ្រព្យ​សម្បត្តិ​កេរមត៌ក របស់​ខ្លួន​តាម​សម័យ​កាល គឺ​ ចែក​ឲ្យ​កូនជានិច្ច និង ជារឿយៗ​មិនដែល​ខាន។ កាល​សម័យ គឺ មាតាបិតា ចែកទ្រព្យ​ឲ្យកូន​តាមកាល នៅ​ពេល​ដែល​កូន​បែក​មានក្រុម​គ្រួសារ​ហើយ។

សូមចាំជាក់​ក្នុង​ចិត្ត​ថា មាតាបិតា ជាអ្នក​មានព្រហ្មវិហារធម៌ ៤ និង សង្គហធម៌ ៥ ចំពោះ​បុត្រធីតាគ្រប់រូប ព្រោះថាលោក​ទាំងទ្វេ​បាន​ចិញ្ចឹមបីបាច់​ថែរក្សា ជាអ្នក​មានឧបការគុណ​ដ៏ធំធេង ពុំ​អាច​គណនា​បានឡើយ គឺមានអនន្តគុណ គុណធ្ងន់​ដ៏ក្រៃលែង អនេកប្បគុណ គុណ​ច្រើនរាប់​មិនអស់ អសមគុណ គុណប្រៀបស្មើពុំបាន អប្បមាណគុណ គុណប្រមាណ​មិនបាន។

(សំណេរ ៖ ពេជ្រ វុឌ្ឍា)

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង