មេដាយមាសនៅហ្វីលីពីនល្ងាចនេះ ជាមេដាយមាសទី៣ ដែលកញ្ញា ស៊ន សៀវមុី នាំជូនកម្ពុជា

(ម៉ានីល)៖ កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូកម្ពុជា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលមេដាយមាស១គ្រឿង ដោយប្រកួតឈ្នះកីឡាការិនីហ្វីលីពីន នៅព្រឹត្តិការណ៍កីឡា SEA Games 2019 នៅទីក្រុងម៉ានីល។

កញ្ញា ស៊ន សៀវម៉ី បានប្រកាសប្រាប់មហាជននៅលើទំព័រហ្វេសប៊ុកថា នេះជាមេដាយមាសទី៣របស់នាង សម្រាប់ជោគជ័យ និងកិត្តិយសនាំមកជូនប្រទេសកម្ពុជា។

នាងបានសរសេរថា «សូមអរគុណគ្រប់កម្លាំងចិត្ត។ នាងខ្ញុំយកមេដាយមាសបានហើយ។ នេះជាមេដាយមាសស៊ីហ្គេមទី៣របស់នាងខ្ញុំ 🥇សូមជូនមេដាយនេះដល់ជនរួមជាតិកម្ពុជាគ្រប់រូប🇰🇭»។

សូមរំឭកថា កញ្ញា ស៊ន សៀវម៉ី បានទទួលមេដាយមាស SEA GAMES ចំនួន៣គ្រឿង ដែលលើកទី១ នាឆ្នាំ២០១៣ នៅប្រទេសភូមា​​, លើកទី២​​​ ទទួលបានមេដាយមាស ឆ្នាំ២០១ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងមេដាយទី៣ នៅល្ងាចនេះតែម្តង។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Swift News ពីទីក្រុងម៉ានីល បានឲ្យដឹងថា មេដាយបណ្ដោះអាសន្ន ដែលកីឡាករ កីឡាការិនីកម្ពុជាដណ្ដើមបាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន៣០គ្រឿង គឺមេដាយមាស៣, ប្រាក់៦ និងសំរឹទ្ធ២១៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង