វិភាគៈ មហាអំណាចថ្មីចិនកំពុងគំរាមកំហែងអង្គការណាតូ ជំនួសមហាអំណាចចាស់អតីតសហភាពសូវៀត

លោក ជែន ស្តូលតិនបឺក (Jens Stoltenberg) អគ្គលេខាធិការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ហៅកាត់ថា អង្គការណាតូ (NATO)បាននិយាយក្រើនរំលឹកដល់ប្រទេសទាំង២៩ប្រទេសជាសមាជិករបស់ខ្លួនថា អង្គការនេះត្រូវប្រឈមមុខជាមួយនឹងមហាអំណាចថ្មីមួយទៀត គឺប្រទេសចិនលើគ្រប់វិស័យ ទាំងយោធា សេដ្ឋកិច្ច នយោបាយ និងបច្ចេកវិទ្យា ។

លោក ជែន ស្តូលតិនបឺក បានបន្ថែមថា មហាអំណាចថ្មីចិន កំពុងបង្កើនសមត្ថភាពគ្រប់យ៉ាងនៅលើពិភពលោកដែលជាកាគំរាមកំហែងថ្មី និងមានឥទ្ធិពលបំផុតដល់អង្គការណាតូ ក្រោយពីអង្គការមួយនេះបានប្រឈមមុខជាមួយមហាអំណាចចាស់គឺអតីតសហភាពសូវៀតអស់រយៈពេលជាងកន្លះសតវត្សរ៍ និងបានផ្តួលរំលំអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៩១កន្លងទៅ ។

សូមរំលឹកជូនថា កាលពីថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គការណាតូបានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧០ឆ្នាំនៅចក្រភពអង់គ្លេសដោយមានមេដឹកនាំមកពីប្រទេសទាំង២៩ប្រទេស និងស្ថាប័នដៃគូនានាបានចូលរួម ហើយសំណុំរឿងនៃការបង្កើនឥទ្ធិពលគ្រប់វិស័យរបស់មហាអំណាចថ្មីចិន គឺជាប្រធានបទសំខាន់ដែលត្រូវបានលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំនោះ ។

បញ្ហាលំបាកបំផុតសម្រាប់អង្គការណាតូក្នុងការប្រឈមមុខជាមួយឥទ្ធិពលរបស់មហាអំណាចថ្មីចិន គឺដោយសារចិនជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់លេខ២ និងជាមហាអំណាចខាងបច្ចេកវិទ្យាលំដាប់លេខ១នៅលើនៅលើពិភពលោក ហើយនេះជាចំណុចខ្លាំងរបស់មហាអំណាចថ្មីចិនដែលអង្គការណាតូពិបាកនឹងទប់ទល់បំផុតនៅពេលខាងមុខ ។

ក្តីបារម្ភរបស់អង្គការណាតូចំពោះមហាអំណាចថ្មីចិន គឺភាពខុសប្លែកគ្នាពីមហាអំណាចចាស់អតីតសហភាពសូវៀតនៅត្រង់ថា សូវៀតប្រកួតប្រជែងជាមួយអង្គការណាតូតែខាងឥទ្ធិពលយោធាតែប៉ុណ្ណោះ ដោយនយោបាយខ្សោយ សេដ្ឋកិច្ចខ្សោយ និងបច្ចេកវិទ្យាក៏ខ្សោយ ប៉ុន្តែសម្រាប់មហាអំណាចថ្មីចិនវិញ គឺនយោបាយខ្លាំង សេដ្ឋកិច្ចខ្លាំង យោធាក៏ខ្លាំង និងបច្ចេកវិទ្យាឈានមុខគេលំដាប់លេខ១នៅលើពិភពលោក ដោយចិនបានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាជំនាក់ទី៥ (5G) ដោមិនក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។

ក្រោយពីទទួលបានដំណឹងពីក្តីបារម្ភរបស់អង្គការណាតូ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ទៅអង្គការណាតូវិញថា ចិនជាមហាអំណាចសន្តិភាព ដោយមិនមានបំណងគម្រាមកំហែងពិភពលោកនោះទេ ហើយចិនក៏មិនដែលបង្កសង្គ្រាមជាមួយប្រទេសណាមួយដែរ សូម្បីតែជួយក្រុមណាមួយ ឫប្រទេសណាមួយអោយធ្លាក់ក្នុងសង្គ្រាមក៏ចិនមិនដែនធ្វើដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបន្តថា ចិនមិនអនុវត្តគោលនយោបាយឯកតោភាគី ក្នុងការវាយប្រហារលើប្រទេសណាមួយនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបានធ្វើបែបនេះជាញឹកញាប់ រហូតដល់រុញច្រានប្រទេសមួយចំនួននៅលើពិភពលោក ដូចជាប្រទេសអាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ ស៊ីរី យេមែន និងប្រទេសមួយចំនួនទៀតអោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ។

សូម្បីតែប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកខ្លួនឯង ក៏កមពុងរងគ្រោះដោយសារការអនុវត្តនយោបាយឯកតោភាគីរបស់អាមេរិកដែរ ជាពិសេសគឺការបញ្ឆេះអោយមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប មានប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងប្រទេសមួយចំនួនទៀត ។

ចំណែកលោក ម៉ាក អេស្ព័រ (Mark Esper) រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា ការពង្រីកវិស័យយោធារបស់ចិន គឺជាការប្រឈមមួយធំសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដោយចិនបានពង្រីកឥទ្ធិពលយោធាយ៉ាងខ្លាំង ដែលអាចគ្រោះថ្នាក់ដល់ប្រទេសជាសមាជិករបស់បក្សសម្ព័ន្ធអង្គការណាតូនៅពេលខាងមុខ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង