ក្រុមប្រណាំងម៉ូតូធំ៥ម៉ឺននាក់ រួមគ្នាផ្សព្វផ្សាយកីឡាទេសចរណ៍ ចរាចរណ៍ និងបរិស្ថាននៅកម្ពុជា

(សៀមរាប)៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជាបានប្ដូរផ្ដាច់រៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូធំអន្តរជាតិលើកដំបូង ដែលមានឈ្មោះថា «ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរហ្វេសស្ទីវ៉ល (Motorrad Angkor Festival)» ក្នុងនោះមានកីឡាករ និងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមប្រមាណ ៥០,០០០នាក់ ដោយបានចូលរួមផ្សព្វផ្សាយពីវិស័យកីឡាទេសចរណ៍ និងបង្កើនស្មារតីស្រលាញ់ការពារបរិស្ថាន ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ផងដែរ។

ក្រោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ព្រឹត្តិការណ៍កីឡានេះបានបិទបញ្ចប់នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោកឧកញ៉ា ទៀ វិចិត្រ លោក អ៊ុ ប៊ុនរ៉េត តំណាងក្រុមការងារជួបជុំមូតូធំ និងមានតំណាងសហព័ន្ធកីឡាយានយន្តកម្ពុជា។

លោក អ៊ុ ប៊ុនរ៉េត បានលើកឡើងថា ស្ថិតលើផ្ទៃដីប្រមាណជាង៨ហិកតា នៅអង្គរឃ្យូងយូរ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នៃខេត្តសៀមរាប ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរហ្វេសស្ទីវ៉លនេះ បានប្រមូលផ្ដុំទៅដោយអ្នកស្រលាញ់ម៉ូតូធំរាប់ម៉ឺននាក់មកពីបណ្តាប្រទេសអាស៊ាន រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ស្រីលង្កា អ៉ីរ៉ង់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត។

លោក ប៊ុនរ៉េត បានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសក្រុមអ្នកជិះម៉ូតូគ្រប់ប្រភេទ និងដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សីលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម ជាពិសេសដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។

តំណាងក្រុមមូតូធំរូបនេះបានបន្ថែមទៀតថា ថវិកាមួយចំណែកដែលទទួលបានពីការរៀបចំកម្មវិធីនេះ នឹងត្រូវឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌ ដូចជាការជួសជុលសាលារៀនមួយកន្លែងនៅក្រុងសៀមរាបជាដើម។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាពិពិធកម្មផលិតផលទេសចរណ៍ថ្មីមួយដែលចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីបំពេញតម្រូវការភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកទស្សនាកម្សាន្តខេត្តសៀមរាប ដែលនេះក៏ជាផ្នែកមួយនៃការរៀបចំផែនការមេអភិវឌ្ឍន៍សមាហរណនៅតំបន់សៀមរាប-អង្គរ និងនៅតំបន់ជុំវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះ ក្រុមកីឡាករ និងភ្ញៀវទេសចរបានចូលរួមលេងកីឡាផង និងបានទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌរបស់កម្ពុជាផងដែរ។ អ្វីដែលរួមចំណែកដល់ការទាក់ទាញនៅក្នុងតំបន់ទេសចរណ៍បេតិកភណ្ឌនេះ គឺភាពស្អាត និងបៃតង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។

ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប» យ៉ាងយកចិត្តទុកដាក់នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមបន្តចូលរួមរក្សាឱ្យបាននូវអនាម័យ បរិស្ថាន ភាពស្អាត និងបៃតងឱ្យបានផុសផុល ព្រោះបើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ ការអភិវឌ្ឍវិស័យទេសចរណ៍ក៏មិនទទួលបានជោគជ័យដែរ។

សូមជម្រាបថា ជាមួយនឹងការបិទបញ្ចប់ព្រឹត្តិការណ៍ប្រណាំងម៉ូតូធំអន្តរជាតិនារាត្រីនេះ ខេត្តសៀមរាបនឹងក៏មានព្រឹត្តិការណ៍អន្តរជាតិដ៏ធំនាថ្ងៃទី០៨ស្អែកមួយទៀតដែរ នោះគឺព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរលើកទី២៤ ដែលមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមប្រមាណជាង ១២,០០០នាក់ មកពី៨៥ប្រទេស៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង