ទីតាំង​នៃ​ការចាក់ផ្សាយ​បន្ត​ផ្ទាល់ ក្នុងការ​ប្រកួត​បាល់ទាត់ កម្ពុជា​-​វៀតណាម ម៉ោង ៧ យប់ ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ​នេះ​!!!

(​ភ្នំពេញ​)៖ យ៉ាងហោចណាស់ មាន ១០​ទីតាំង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្ត ៩​ផ្សេងទៀត បានរៀបចំ​អេក្រង់​ធំ ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការប្រកួត​បាល់ទាត់ រវាង​ក្រុមយុវជន​កម្ពុជា និង​វៀតណាម ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន​។ ការ​ប្រ​កូត​បាល់ទាត់​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៧​យប់ ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​ទីតាំង​ផ្សាយ​បន្ត​ផ្ទាល់ ទាំង ១០ កន្លែង នៅ​យប់​នេះ រួមមាន​៖
១.​ភ្នំពេញ​= ក្នុង​សួនច្បារ​វត្ត​បទុម​វ​តី​
២.​ស្វាយរៀង = រង្វង់​មូល​វិមានឯករាជ្យ​
៣.​ព្រះវិហារ = ក្នុង​មជ្ឈមណ្ឌល​កីឡដ្ឋាន​ខេត្ត​
៤.​ក្រចេះ = មុខ​មហោស្រព​ខេត្ត​
៥.​តាកែវ = ទីធ្លារ​សួនច្បារ​មាត់បឹង​តាកែវ​
៦.​កំពង់ឆ្នាំង = ក្នុង​ទីលាន​បាល់ទាត់​បន្ទាយលង្វែក​(​ជាប់​អា​រ៉ែ​ង​កាហ្វេ​)
៧.​កំពង់ស្ពឺ = នៅមុខ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត​
៨.​ប៉ៃលិន = នៅក្បែរ​វិមានឯករាជ្យ​
៩.​រតនៈគិរី = ក្នុង​បរិវេណ​សាលាខេត្ត​ផ្ទាល់​
១០.​ស្ទឹងត្រែង = ទីធ្លា​ការិយាល័យ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

​កម្ពុជា បាន​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ពោរពេញ​ដោយ​អំនួត​ម៉ាឡេស៊ី ៣ ទល់នឹង ១ ស្របពេល​ហ្វីលីពីន ឈ្នះ​ទី​ម័​រ​ខាងកើត ៦ ទល់នឹង​១​។ ចំណែក​វៀតណាម ឡើងដល់​វគ្គ​នេះ ក្នុងនាម​ជា​ក្រុម​លេខ​១ ពូ​ល​B ក្រោយ​ស្មើ​ថៃ ២ ទល់នឹង ២​។

២​ក្រុម​ទៀត គឺ​មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី ប្រកួត​គ្នា​នៅ​ម៉ោង ៣​រសៀល ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩។

សូមរម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងការ​ប្រកួត​យុវជន​អាស៊ាន ក្រុមបាល់ទាត់​កម្ពុជា U22 ចាញ់​វៀតណាម ០-១​។ រីឯ​នៅក្នុង​ការប្រកួត ស៊ី​ហ្គេម កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ចាញ់​វៀតណាម ៤-១​។​

​ចំណែក​លទ្ធផល​នៃ​ការប្រកួត​នៅ​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន គឺ​វៀតណាម មិនដែល​ចាញ់​សោះឡើយ​។ ក្នុងនោះ នៅ​ថ្ងៃ​តី​២៥​វិច្ឆិកា ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ប្រ៊ុយណេ ៦-០​។ នៅ​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ឡាវ ៦-១​។ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ឥណ្ឌូនេស៊ី ២-១​។ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម​ឈ្នះ​សិង្ហ​បុរី ១-០​។ នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម ស្មើនឹង​ថៃ ២-២​។​

​រីឯ​ ៤​ប្រកួត​របស់ U22 កម្ពុជា នៅ​ស៊ី​ហ្គេម លើក​នេះ គឺ​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្ពុជា ស្មើ​ហ្វីលីពីន ១-១​។ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្ពុជា ឈ្នះ​ទី​ម័​រ ៥-០​។ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ១-២​។ ចំណែក​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា ឈ្នះ​ម៉ាឡេស៊ី ៣-១​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង