ប​.​ស​.​ស ចាត់​មន្ត្រី​ជំនាញ ៣​រូប ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​ថ្នាក់​តំបន់ ​ស្តីពី “​ក្របខណ្ឌ​ច្បាប់​ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​”

(សៀមរាប)​៖ នា​ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចាត់​មន្ត្រី​ជំនាញ​ចំនួន ៣​រូប ចូលរួម​ជា​វាគ្មិន ក្នុង​វេទិកា​ថ្នាក់​តំបន់ ​ស្តីពី ក្រប​ខណ្ឌ​​ច្បាប់​ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ប្រព្រឹត្តទៅ​ នៅ​សណ្ឋាគារ Empress Angkor Hotel ស្ថិតនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​វេទិកា​ថ្នាក់​តំបន់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចម្បង​ចំនួន ៣​ធំៗ គឺ​៖
១-​ធ្វើ​បច្ចុប្បន្នភាព និង​ជជែក​អំពី​បញ្ហា​ប្រឈម​នានា របស់​អង្គការ​សង្គម​ស៊ីវិល​លើ​បញ្ហា​អនុលោមភាព​នៃ​ក្របខណ្ឌ​គតិយុត្តិ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល រួមមាន​ដូចជា​៖ ច្បាប់​ស្តីពី​សមាគម និង​សវនកម្ម និង​ច្បាប់​ថ្មីៗ​ដែល​ទើបនឹង​អនុម័ត​ចូល​ជា​ធរមាន​ចំនួន​ពីរ​ផ្សេងទៀត គឺ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម និង​ច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​។​

២-​ចូលរួមចំណែក​លើក​កំពស់​សមត្ថភាព​ផ្លូវច្បាប់ ក្របខណ្ឌ​គតិយុត្តិ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​។​

៣-​ដើម្បី​ធ្វើការ​វាយ​តំលៃ និង​ប្រមូល​ព័ត៌មាន និង​អនុសាសន៍​របស់​អង្គការ សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នានា ជាមួយ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ខាងលើ​។ បញ្ហា​ប្រឈម អនុសាសន៍ និង​ព័ត៌មាន​ដែល​ប្រមូលបាន នឹង​ត្រូវបាន​ចងក្រង​ជា​មូលដ្ឋាន​សម្រាប់​សិក្សា​ស្វែងយល់ និង​ធ្វើ​កំណត់ត្រា​ដើម្បី​ដាក់ជូន​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក ចាយ សំណាង អនុប្រធាន​ការិយាល័យ​គោលនយោបាយ បានធ្វើ​បទ​បង្ហាញ​ស្តីពី​របប​សន្តិសុខ​សង្គម ដែល​ផ្តោត​សំខាន់​លើ​ច្បាប់​ថ្មី ស្តីពី​របប​សន្តិសុខ​សង្គម​។ លោក​បាន​បន្តថា ច្បាប់​នេះ គោលបំណង ដើម្បី​ធានាឱ្យមាន​សមធម៌ និង​សាមគ្គីធម៌​សង្គម និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ទាំងអស់ ដូចជា​៖
១- បុគ្គល​នៃ​វិស័យ​សាធារណៈ​
២- បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស​និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុងផ្ទះ និង​
៣- បុគ្គល​ស្វ័យ​និ​យោជន៍​។​

​គួរបញ្ជាក់​ផងដែរ​ថា ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ថ្មី ត្រូវបាន​ព្រះករុណា​ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយព្រះហស្តលេខា នា​ថ្ងៃ​សៅរ៍ ៦​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ច្បាប់​​នេះ មាន ១១​ជំពូក និង ១០៧​មាត្រា ដែល​ចែកជា ៤​ផ្នែក​ធំៗ គឺ​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង