សាលា​រាជធានី​ភ្នំពេញ នឹង​ដំឡើង​អេក្រង់​ធំ នៅមុខ​វត្ត​បទុម ដើម្បី​ផ្សាយ​ការប្រកួត​បាល់ទាត់​កម្ពុ​ជា​-​វៀតណាម នៅ​ម៉ោង ៧​យប់ ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ​នេះ​

(​ភ្នំពេញ​)៖ សាលា​រាជធានី​ភ្នំពេញ នឹងដាក់​អេក្រង់​ធំ នៅមុខ​វត្ត​បទុម ដើម្បី​ផ្សាយ​ការប្រកួត​បាល់​ទាត់​កម្ពុ​ជា​-​វៀតណាម នៅ​យប់​ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ​។ ក្រុមយុវជន​អាយុ​ក្រោម ២២​ឆ្នាំ របស់​កម្ពុជា នឹង​ប្រកួត​ជាមួយ​វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន​។ រីឯ​មួយក្រុម​ទៀត គឺ​មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី នៅ​ម៉ោង ៣​រសៀល ថ្ងៃ​សៅរ៍ ទី​០៧​ធ្នូ​នេះ​។​

​កម្ពុជា បាន​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ពោរពេញ​ដោយ​អំនួត​ម៉ាឡេស៊ី ៣ ទល់នឹង ១ ស្របពេល​ហ្វីលីពីន ឈ្នះ​ទី​ម័​រ​ខាងកើត ៦​ទល់នឹង​១​។ ចំណែក​វៀតណាម ឡើងដល់​វគ្គ​នេះ ក្នុងនាម​ជា​ក្រុម​លេខ​១ ពូ​ល​B ក្រោយ​ស្មើ​ថៃ ២ ទល់នឹង ២។

កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងការ​ប្រកួត​យុវជន​អាស៊ាន ក្រុមបាល់ទាត់​កម្ពុជា U22 ចាញ់​វៀតណាម ០-១​។ រីឯ​នៅក្នុង​ការប្រកួត ស៊ី​ហ្គេម កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ចាញ់​វៀតណាម ៤-១​។​

​ចំណែក​លទ្ធផល​នៃ​ការប្រកួត​នៅ​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន គឺ​វៀតណាម មិនដែល​ចាញ់​សោះឡើយ​។ ក្នុងនោះ នៅ​ថ្ងៃ​តី​២៥​វិច្ឆិកា ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ប្រ៊ុយណេ ៦-០​។ នៅ​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ឡាវ ៦-១​។ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ឥណ្ឌូនេស៊ី ២-១​។ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម​ឈ្នះ​សិង្ហ​បុរី ១-០​។ នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ វៀតណាម ស្មើនឹង​ថៃ ២-២​។​

​ចំណែក ៤​ប្រកួត​របស់ U22 កម្ពុជា នៅ​ស៊ី​ហ្គេម លើក​នេះ គឺ​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្ពុជា ស្មើ​ហ្វីលីពីន ១-១​។ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្ពុជា ឈ្នះ​ទី​ម័​រ ៥-០​។ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ១-២​។ ចំណែក​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា ឈ្នះ​ម៉ាឡេស៊ី ៣-១​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង