អ្នកបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា​ ត្រូវជាប់ពន្ធនាគារពី​ ៥ ទៅ១០ឆ្នាំ ​និងពិន័យប្រាក់ពី ​១៥លាន​ ទៅ១៥០លានរៀល​

(ភ្នំពេញ)៖ ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលតែងតែកើតមាន​​នៅកម្ពុជា ជារៀងរាល់ឆ្នាំ ពិសេសក្នុងរដូវប្រាំង។ កត្តាចម្បងដែលបង្កឲ្យមានជំងឺឆេះព្រៃញឹកញាប់បំផុត នារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។ល។

ដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញ រដ្ឋបា​ល​ថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងប្រជាសហគមន៍មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធទាំងអស់ ឲ្យអនុវត្តវិធានការដូចខាងក្រោម៖

១​. អប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោ​បាយ ដើម្បីចម្អិនអាហារ ការដុតស្មៅ និងព្រៃស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃ​ឈើ។

២. ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាស់ និងបង្កឲ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលដល់ផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

៣. ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ កម្ទេចកំទីផ្សេង​ៗ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

៤. រៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដាល ពីកន្លែងមួយទៅកន្លែងមួយទៀត។

៥. មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាច​ធានាបានសុវត្ថិភាពចំពោះភ្លើងព្រៃ ដោយត្រូវពន្លត់ភ្លើងឲ្យអស់ជាចាំបាច់ មុនពេលចាកចេញពីទីតាំង ប្រើប្រាស់ភ្លើងនោះ។

៦. មន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថា​ហេតុ។

៧. ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ដោយស្នើឲ្យគណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ដឹកនាំបញ្ជាផ្ទាល់​ក្នុងការប្រើប្រាស់កម្លាំងចម្រុះរួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃឲ្យមានប្រសិទ្ធភាព។

៨. ត្រូវសហការជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការចូលទន្ទ្រាន កាន់កាប់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ តាមលក្ខណៈធម្មជាតិ ឬដាំស្តារឡើងវិញ។

អនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ការបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំ (៥) ដល់​​ដប់ (១០) ឆ្នាំ និងផាកពិន័យជាប្រាក់ពីដប់ប្រាំលាន (១៥.០០០.០០០)រៀល ដល់មួយរយហាសិប​លាន (១៥០.០០០.០០០) រៀល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង