អូស្ត្រាលីប្រកាសអាសន្នអំពីភ្លើងឆេះព្រៃ ខណៈកាណាដាបញ្ជូនក្រុមបច្ចេកទេសទៅជួយគ្រប់គ្រងភ្លើងឆេះព្រៃ

(អូស្ត្រាលី) ៖ អាជ្ញាធរអូស្ត្រាលីបានធ្វើការប្រកាសអាសន្នពីភ្លើងឆេះព្រៃដែលកំពុងឆាបឆេះជាច្រើនកន្លែងនៅទូទាំង រដ្ឋញូវសាវវ៉េល (New South Wales) ភាគខាងត្បូងប្រទេសចាប់ពីតំបន់សាវ ខូស (South Coast) ដល់ព្រំប្រទល់រដ្ឋគ្វីនឡេន (Queensland) ស្របពេលដែលការធ្លាក់ខ្យល់ខ្លាំងកំពុងធ្វើឲ្យភ្លើងឆេះព្រៃកាន់តែខ្លាំង។

អ្នកជំនាញខាងបច្ចេកទេសគ្រប់គ្រងភ្លើងឆេះព្រៃមួយក្រុមបានធ្វើដំណើរពីប្រទេសកាណាដាមកដល់ទីក្រុងស៊ីដនី (Sydney) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមជួយប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃដែលកំពុងបន្តកើតឡើង។

ការបំពុលខ្យល់នៅក្នុងតំបន់ភាគខាងកើតនិងភាគនិរតីទីក្រុងស៊ីដនីត្រូវបានចាត់ចូលក្នុងកម្រិតគ្រោះថ្នាក់កាលពីថ្ងៃព្រហស្បតិ៍។

តំបន់ឆ្នេរសមុទ្រក្នុងរដ្ឋញូវសាវវ៉េល (New South Wales) ស្ទើរតែទាំងមូលនិងតំបន់ជាច្រើនក្នុងភាគពាយព្យរដ្ឋនេះ ត្រូវបានគេព្យាករថានឹងស្ថិតក្នុងអត្រាគ្រោះថ្នាក់ដោយសារភ្លើងឆេះព្រៃធ្ងន់ធ្ងរនៅថ្ងៃសុក្រនេះ។

ភ្លើងឆេះព្រៃតែងកើតមានជាធម្មតានៅក្នុងប្រទេសអូស្ត្រាលីប៉ុន្តែរដូវកាលភ្លើងឆេះព្រៃឆ្នាំនេះបានចាប់ផ្ដើមលឿនជាងរាល់ឆ្នាំជាមួយសីតុណ្ហភាពកើនឡើងលើស៤០អង្សាសេ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង