ឯកឧត្តម ខៀវ កាញារីទ្ធ៖ ​អ្នកកាសែតវិជ្ជាជីវៈត្រូវហ៊ាន​ហែល​បញ្រ្ចាសទឹក!​ និយាយត្រង់​ៗ​ ដឹងខុស​ប្រាប់​ថា​ខុស​!

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវ​ហ៊ាន​ហែល​បញ្រ្ចាស​ទឹក​ ពោលគឺត្រូវហ៊ាននិយាយដោយ​ត្រង់ៗ ​និងដឹងពីចំណុចខុសត្រូវប្រាប់ថាខុស។

ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «….យើងឃើញហើយ មានព័ត៌មានច្រើន វាធ្វើឲ្យមនុស្សគាត់រើសយកស្អីដែលជាផ្នែករបស់គាត់ ចឹងគាត់មិនទទួលព័ត៌មានគំនិតពីក្រៅទេ ហ្នឹងហើយធ្វើឲ្យមនុស្សកាន់តែចង្អៀតវិញ។ ដូច្នេះហើយ ការងារដែលអ្នកសារព័ត៌មានយើងត្រូវប្រឈមនឹងការងារមួយនោះ គឺដូចខ្ញុំបាននិយាយអំបាញ់មិញ គឺអ្នកសារព័ត៌មានត្រូវហ៊ានហែងបញ្ច្រាសទឹក គឺពេលណាដែលយើងត្រូវប្រាប់គេ ដែលកន្លែង​ខ្លះហ្នឹង យើងត្រូវពន្យល់ថា អាហ្នឹងមិនមែនទេនោះ អាហ្នឹងហើយជាការលំបាករបស់អ្នកសារព័ត៌មាន»។

យ៉ាងណាក៏ដោយ ត្រង់ចំណុនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានហ៊ាននិយាយ​ត្រង់ តែត្រូវចេះរបៀបក្នុងការនិយាយ ដើម្បីកុំឲ្យមានការជេររិះគន់មកវិញ ដែលអ្នកសារព័ត៌​មាន​វិជ្ជាជីវៈត្រូវហ៊ានប្រឈមនឹងបញ្ហានេះ។ ឯកឧត្តមបន្ថែមថា៖ «បើយើងគ្រាន់តែរត់ទៅតាមចរន្តរបស់គេ ពិតមែនដែលយើងដឹងខុសហើយ យើងរត់តាមចរន្តអស់ហ្នឹង យើងមិនមែនអ្នកសារព័ត៌មានវិជ្ជាជីវៈទេ»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង