ព្រឹទ្ធសភា ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​០៩​ធ្នូ ដើម្បី​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨:០០​នាទី គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ចន្ទ ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​ដូចខាងក្រោម ៖

១-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​
២-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ។​
៣-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី សហជីព ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦។

សូមរម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ រដ្ឋសភា បានប្រជុំ ​ពិភាក្សា និង​អនុម័ត​លើ​​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ រួមទាំងសេចក្តីព្រាងច្បាប់ ​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ និងសេចក្តីព្រាងច្បាប់​ ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី សហជីព ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦។

សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវបាន​រៀបចំឡើង ដើម្បី​ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ និង​ច​លន​ការ​នៃ​ការកែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃក្នុង​កម្ពុជា សំដៅ​ពង្រឹង​ភាពជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត​។

​សេចក្តីព្រាងច្បាប់​នេះ នឹងធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៤ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០​។

សេចក្តីព្រាង​ច្បាប់ថវិកា​ឆ្នាំ​២០២០ បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។ ជាមួយគ្នានេះ កម្ពុជា​ត្រូវ​បន្ត​ខិតខំ​រក្សា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​អត្រា​ប្រមាណ​ក្នុង​រង្វង់ ៧%​ក្នុង​មួយឆ្នាំ​។ បង្កើត​ឱកាស​រកប្រាក់​ចំណូល​ឲ្យ​កាន់​ប្រសើរ​ជាង​មុន​ជូន​ពលរដ្ឋ ការបង្កើត​ការងារ​ប្រកបដោយ​គុណភាព​សម្រាប់​ស្រទាប់​យុវជន និង​ឆ្លើយតប​បាន​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ចេះតែ​កើន​ឡើងជា​លំដាប់ នូវ​សេវាសាធារណៈ​សំខាន់ៗ ប្រកបដោយ​គុណភាព ដូចជា សេវា​អប់រំ សុខាភិបាល យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេងទៀត រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត របប​សន្តិសុខ​សង្គម ការធានា​សុវត្ថិភាព​ចំណូល ពិសេស​​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ និង​ការកាត់បន្ថយ​គម្លាត​នៃ​ការរីកចម្រើន​រវាង​ទីក្រុង និង​ជនបទ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​នគរូបនីយកម្ម និង​បរិស្ថាន។

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ និង​អនុម័ត កាលពី​​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ មាន​គម្រោង​ចំណាយ​សរុប​ចំនួន ៣៣ ៣៣៩ ៦៣៣ លាន​រៀល ស្មើ​ប្រមាណ ៨១៩៦ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ មាន​ក្រសួង​ចំនួន ៥ ដែល​ទទួលបាន​ថវិកា​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២០ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ច្រើនជាងគេ រហូតដល់​ជាង ៩០០ លាន​ដុល្លារ​។​

​ខ្លឹមសារ​សង្ខេប ស្តីពី សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្ថូ បង្ហាញថា ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល បង្កើន​ការចំណាយ​អាទិភាព​ចាំបាច់ តាម​វិស័យ​ទាំង ៤ រួមមាន​៖ វិស័យ​រដ្ឋបាល​ទូទៅ វិស័យ​ការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ វិស័យ​សង្គមកិច្ច និង​វិស័យសេដ្ឋកិច្ច​។ ក្នុងនោះ ក្រសួង ៥ ដែល​ទទួលបាន​ការចំណាយ​ច្រើនជាងគេ រួមមាន​៖
១-​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ៣ ៧៣៨ ១៣០ លាន​រៀល ស្មើ​ប្រមាណ ៩១៩ លាន​ដុល្លារ​
២-​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំនួន ៣២១៨២៣២ លាន​រៀល ស្មើ​ប្រមាណ ៧៩១ លាន​ដុល្លារ​
៣-​ក្រសួងការពារជាតិ ចំណួន ២ ៥៣៦ ៧២៨ លាន​រៀល ស្មើ​ប្រមាណ ៦២៣ លាន​ដុល្លារ​
៤-​ក្រសួងសុខាភិបាល ចំនួន ២ ១០២ ៨៩៩ លាន​រៀល ស្មើ​ប្រមាណ ៥១៧ លាន​ដុល្លារ​
៥-​ក្រសួងមហាផ្ទៃ ចំនួន ២ ០៨៣ ១០៧ លាន​រៀល ស្មើ​ប្រមាណ ៥១២ លាន​ដុល្លារ

​ក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ ក៏បាន​បង្ហាញថា នៅ​ឆ្នាំ​២០២០ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹង​បន្ត​ឡើង​ប្រាក់ខែ ២​ដង គឺ​នៅ​ខែមករា និង​ខែមេសា​។ ក្នុងនោះ គ្រូបង្រៀន និង​គ្រូពេទ្យ ទទួលបាន​ប្រាក់ខែ​ច្រើនជាងគេ​។ រាជរដ្ឋាភិបាល​ក៏បាន​កែសម្រួល មិន​ឲ្យ​ប្រាក់ខែ​ដែល​ដំឡើង​ថ្មី នៅ​ឆ្នាំ​២០២០ ជាប់ពន្ធ​ឡើយ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង