ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប២ពាន់លានដុល្លារមកកម្ពុជាក្នុងរយៈពេល២៦ឆ្នាំ

(ភ្នំពេញ)៖ លោកស្រី អ៊ីនហ្គូណា ដូប្រាយ៉ា (Inguna Dobraja) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា រយៈពេល ២៦ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៩ នេះ ធនាគារពិភពលោក WB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងនិងកម្មវិធីសរុបចំនួន៩៦ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានចំនួន ១,៣៩១,៧៦ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៣២,៨១ លានដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា និង WB បានឈានដល់កម្រិតនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត តាមរយៈការសម្រេចបាននូវការរៀបចំឯកសារក្របខ័ណ្ឌភាពជាដៃគូរវាងកម្ពុជា និង WB-CPF ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សានាយកប្រតិបត្តិ WB រួចហើយ ដោយគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក បានមកពីកញ្ចប់ថវិកា IDA18 (២០១៧-២០២០) ចំនួនប្រមាណ ៤៨០ លានដុល្លារអាមេរិក និងកញ្ចប់ថវិកា IDA19 (២០២១-២០២៣) ចំនួន ៥០០-៥៥០ លានដុល្លារអាមេរិក។

ជោគជ័យនៃការរៀបចំ CPF រួមគ្នានេះ គឺជាសក្ខីភាពបង្ហាញអំពីរបៀបរបបការងារថ្មីរបស់ WB ក្នុងស្មារតីគោរពភាពជាម្ចាស់ និងភាពទុកចិត្តទៅលើកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង