ប្រមុខកងទ័ពកូរ៉េខាងជើងព្រមានប្រើកម្លាំងយោធា បន្ទាប់ពីខកចិត្តនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក

(ព្យុងយ៉ាង) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា ប្រមុខកងទ័ពកូរ៉េខាងជើងបាននិយាយថា លោកមានការខកចិត្តដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតប្រើប្រាស់កម្លាំងយោធាប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ហើយបានព្រមានថាកូរ៉េខាងជើងនឹងឆ្លើយតបទៅវិញយ៉ាងលឿនចំពោះរាល់ការវាយប្រហារណាមួយ។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA, លោក ប៉ាក់ ចុងជុន (Pak Jong Chon) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជន កូរ៉េបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏មានការមិនពេញចិត្តផងដែរចំពោះការលើកឡើងបែបនេះ របស់លោក ត្រាំ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅក្នុងប្រទេសអង់គ្លេស។

កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថាលោកនៅតែមានទំនុកចិត្តចំពោះលោក គីម ជុងអ៊ុន ប៉ុន្តែបានបន្ថែមថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងកូរ៉េខាងជើងបើសិនជាចាំបាច់។

លោក ប៉ាក់ (Pak) បាននិយាយថាវានឹងក្លាយជារឿងដ៏អាក្រក់សម្រាប់អាមេរិកប្រសិនបើអាមេរិកធ្វើការវាយប្រហារ ហើយថាកូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបគ្រប់កម្រិតទាំងអស់៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង