ពីរថ្ងៃជាប់គ្នា ផ្ទុះករណីពុលផ្លែត្រសក់​ និង​ផ្អកត្រីប្រៃ ​បណ្តាលឲ្យមានអ្នកស្លាប់​ និងចូល​សម្រាក​ពេទ្យជិត​៦០នាក់​

(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃជាប់ៗគ្នា នាដើមខែធ្នូនេះ មានពលរដ្ឋប្រមាណជិត ៦០នាក់បានចូលសម្រាក​ពេទ្យ ដោយសារពុលផ្លែត្រសក់ និងពុល​ផ្អកត្រីប្រៃ នៅខេត្ត​បន្ទាយមានជ័យ និងខេត្តសៀមរាប។

អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី​០១ ខែធ្នូ យុវជនប្រុស​​ស្រី កំពុង​ស្តារនីតិសម្បទា​បន្សាបថ្នាំ​ញៀន ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិតក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង ​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ​ជាង​១៥០​នាក់ ក្នុងចំណោម​ជិត​៨០០​នាក់ មាន​អកា​រៈ​ក្អួតចង្អោរ ដោយសារ​ពុល​ផ្លែ​ត្រសក់​ខ្ចី។ គិត​ត្រឹម​ថ្ងៃទី​៣ ខែធ្នូ​នេះ មាន​យុវជន​២​នាក់​ស្លាប់ ខណៈ ​២៩​​នាក់​​ទៀត កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ។

អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិដដែល ពលរដ្ឋ​២៨​នាក់ រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប បាន​ពុល​ផ្អកត្រីប្រៃ ដែល​បណ្ដាល​ឲ្យ​ក្អួតចង្អោរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ក្នុង ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុងចំណោម​ពលរដ្ឋ​២៨​នាក់ ដែល​បាន​ពុល​ផ្អកត្រីប្រៃ​នេះ មាន​ស្ត្រី​២​នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាងគេ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង