​កម្ពុជាតែងតែជំទាស់​នឹងការនាំចូល​សំណល់ប្លាស្ទិក​ និង​ប្រេងមាស៊ីន​​មកកែច្នៃ​នៅកម្ពុជា​​

(ភ្នំពេញ)៖ «រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលនូវសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា ព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និង​ប្រេងមាស៊ីនមក​កែច្នៃ​នៅកម្ពុជា។ ប៉ុន្តែកម្ពុជាលើកទឹកចិត្តឲ្យមានការកែច្នៃសំណល់ប្លាស្ទិកដែលមាននៅក្នុងប្រទេស​កម្ពុជា ដើម្បីចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក»។ នេះបើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងក្នុងវេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក។ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូង រហូតដល់ឆ្នាំ២០​១៧ សំណល់ប្លាស្ទិកមានចំនួនប្រមាណជាជាង ៨.៣ ពាន់លានតោន ហើយមានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិកដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ នៅឆ្នាំ ២០៥០ សំណល់ប្លាស្ទិកនឹងកើនដល់ ៣៤ ពាន់លានតោន។ នៅឆ្នាំ២០៥០ នេះប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤ លាន​តោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃរាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០​តោន​ក្នុង​មួយថ្ងៃ​។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោស​សម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។

យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។ បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេសសំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជនកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូររបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។

កម្ពុជាត្រូវបានចាត់ចូលជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបញ្ហាសំណល់សំរាមក៏បានកើនឡើងជាលំដាប់ផងដែរ។ ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណ ១.៧០៩.៣៧៩តោន ធៀបនឹងឆ្នាំ ២០១៧ កើនឡើង ២០៥ ៦៥៦តោន ស្មើនឹង ១៣,៦៨%។ បញ្ហាកំណើននេះក៏មានការចូលរួមចំណែកពីការផ្លាស់ប្តូរទម្លាប់រស់នៅ ការវេចខ្ចប់អាហារ និងកង្វះការយល់ដឹងពីវិធីក្នុងការទុកដាក់ និងញែកសំណល់សំរាមនានាឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្ននេះ សំណល់ត្រូវបានគេបោះចោល ប្រមូល និងដឹកចាក់ចោលនៅទីលានសំរាមដោយពុំបាន​ញែក កែច្នៃ ឬប្រើប្រាស់ឡើងវិញជាពិសេសសំណល់ប្លាស្ទិក។ បរិមាណសំណល់តិចតួចណាស់ត្រូវបានប្រមូលពីទីលាន​ចាក់​សំរាម​យក​មក​កែច្នៃឡើងវិញ ឬលក់ប្លាស្ទិកទៅកាន់ឈ្មួញកណ្តាល ប៉ុន្តែភាគច្រើនត្រូវបានគេនាំចេញទៅប្រទេសថៃ និងវៀតណាមសម្រាប់យកទៅកែច្នៃ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង