ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាត្រឡប់មកវិញហើយ! ថ្ងៃទី១៣-១៤-១៥ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងភ្នំពេញ

(ភ្នំពេញ) ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានប្រកាសថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា «AIR & TECH SHOW 2019» ដែលជាឆ្នាំទី២  នឹងប្រារព្ធឡើងនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងភ្នំពេញ។

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា គឺប្រារព្ធឡើងក្នុងគោលបំណងដូចឆ្នាំទីមួយដែរ គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនកម្ពុជា ដែលស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំង នូវជំនាញ និងមុខវិជ្ជាអំពីយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម ដែលពួកគេជា ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

លោក ឈី កុលបុត្រា សមាជិកលេខាធិការដ្ឋាននៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលទទួលរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Swift News ថា សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តស្វាយរៀង បន្តរៀបចំឱ្យមានពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០១៩នេះឡើង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីកងទ័ពជើងអាកាស និងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រសហការរៀបចំពីក្រុមហ៊ុន Helistar (Cambodia) រួមនឹងប្រពន្ធ័ផ្សព្វផ្សាយចំនួនពីរធំៗ គឺប៉ុស្តិ៍ព័ត៌មានកម្ពុជា CNC, CTN និង BTV ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត កម្ពុជាទាំងអស់ និងសាធារណៈជនបានឃើញ និងចូលទស្សនាដោយសេរីតាមរយៈការដាក់បង្ហាញយន្តហោះឯកជន (Private Jets) និងឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំងផ្នែកខាងក្រៅ និងក្នុងយន្តហោះ ព្រមទាំង ការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខែ្មរយើង ដែលបានផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដផ្សេងៗជាដើម។

លោក ឈី កុលបុត្រា បានបន្តថា នេះគឺជាឱកាសដ៏វិសេសមួយ ដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិសិ្សតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្រ្ត និងព្រមទាំងស្រឡាញ់ចូលចិត្តចំណេះដឹងយន្តហោះ និងអាកាសចរណ៍។ លើសពីនេះយុវជន សិស្សនិសិ្សត និងអ្នកចូលរួមទាំងអស់ អាចសួរជាសំណួរទៅកាន់អ្នកបើកយន្តហោះ ដែលនៅទីនោះផ្ទាល់ និងយុវជន សិស្សនិស្សិតនានា ដែលចូលរួមតាំងពិព័រណ៍បង្ហាញអំពី យន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។ល។

អ្វីដែលពិសេសក្នុង ពិព័រណ៍ឆ្នាំ២០១៩នេះផងដែរ គឺ មានការចូលរួមតាំងបង្ហាញយន្តហោះប្លែកៗយ៉ាងច្រើន ក៏ដូចជាស្នាដៃបច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តថ្មីអស្ចារ្យរបស់សិស្សនិសិ្សតកម្ពុជាច្រើនជាងឆ្នាំទៅមិញ។

សូមបញ្ជាក់ថា អំឡុងពេលពិព័រណ៍នេះផងដែរ គឺមានសាលសិក្ខាសាលា ដែលបង្កើតឱកាសបន្ថែម ទៅដល់អ្នកចូលរួមទស្សនាចូលស្តាប់ សួរ និងឆ្លើយ ផ្លាស់ប្តូរបទពិសោធន៍រវាងវាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និងសិស្សនិស្សិតរវាងគ្នា។ ហើយក៏មានស្តង់លក់ម្ហូប និងភេសជ្ជៈសម្រាប់អ្នកចូលរួមទស្សនាទទួលទាន និងសម្រាកកម្សាន្តផងដែរ។ ហើយនេះជាឱកាសដ៏ពិសេសបំផុត សម្រាប់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់គួរតែចូលរួមឱ្យបានទាំងអស់គ្នាដើម្បី ទទួលបានបទពិសោធន៍ និងចំណេះដឹងអំពីយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍប្រទេសជាតិ ក្នុងវិស័យនេះ និងឱ្យវិស័យយន្តហោះ និងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង