BREAKING NEWS: ទីបំផុត សភាអ៊ីរ៉ាក់អនុម័តសំណើលាឈប់របស់នាយករដ្ឋមន្ត្រី ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលកំពុងបន្ត

(អ៊ីរ៉ាក់)៖ទូរទស្សន៍របស់រដ្ឋក្នុងប្រទេសអ៊ីរ៉ាក់បានរាយការណ៍នៅថ្ងៃចន្ទនេះថាសភាអ៊ីរ៉ាក់បានអនុម័តសំណើលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុលម៉ាឌី (Adel Abdul Mahdi) ក្នុងគ្រាដែលការធ្វើបាតុកម្មនៅតែបន្តកើតមាននៅទូទាំងប្រទេស។

សមាជិកសភាអ៊ីរ៉ាក់បានបោះឆ្នោតយល់ព្រមលើសំណើលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បន្ទាប់ពីបានអានលិខិតលាលែងរបស់លោកនៅក្នុងកិច្ចប្រជុំវិសាមញ្ញ។

ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះបានធ្វើឡើងជាងមួយឆ្នាំបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ២០១៨។

យោងតាមប្រធានសភាអ៊ីរ៉ាក់, ប្រធានាធិបតីអ៊ីរ៉ាក់នឹងតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីស្របតាមរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ាក់។

នាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងថ្មីមានពេល៣០ថ្ងៃដើម្បីបង្កើតគណៈរដ្ឋមន្ត្រីនិងបញ្ជូនឈ្មោះទៅឲ្យសភាដើម្បីអនុម័ត។

ការធ្វើបាតុកម្មទ្រង់ទ្រាយធំបានបន្តធ្វើឡើងនៅក្នុងរដ្ឋធានីបាកដាដ និងទីក្រុងផ្សេងៗទៀតក្នុងភាគកណ្ដាល និងខាងត្បូងអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលាមកដោយទាមទារឲ្យមានការកែទម្រង់គ្រប់ជ្រុងជ្រោយ, ធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ធ្វើឲ្យប្រសើរឡើងសេវាសាធារណៈ និងបង្កើតឱកាសការងារឱ្យកាន់តែច្រើនថែមទៀត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង