ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់ប្រមូលផ្តុំគ្នាគាំទ្រលោកស្រី ស៊ូជី មុនពេលឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(មីយ៉ាន់ម៉ា)៖ បាតុករប្រមាណ ៧០០ នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ខណៈដែលលោកស្រីត្រៀមការពារប្រទេសមីយ៉ាន់ម៉ា ប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សមាជិកនៃសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈរនៅមុខសាលាក្រុង ស្របពេលក្រុមអ្នកគាំទ្រជាច្រើននាក់ បានគ្រវីទង់ជាតិមីយ៉ាន់ម៉ានិងរូបថតរបស់លោកស្រី អ៊ុងសាន ស៊ូជី។អ្នកចូលរួមច្រើនាក់បានកាន់បដាដែលមានសរសេរពាក្យថា “ យើងនឹងនៅជាមួយអ្នកជានិច្ច អ្នកម្តាយស៊ូជី” ។

សំណុំរឿងដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវការពារ
នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ គឺទាក់ទងនឹងយុទ្ធនាការបង្រ្កាបការបះបោរដ៏ឃោរឃៅដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាប្រឆាំងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីខែសីហា ឆ្នាំ២០១៧ ក្រោមលេសបង្រ្កាបការបះបោរដោយសារជនជាតិរ៉ូហ៊ីងយ៉ាបានដុតប៉ុស្ត៍យោធានិងសម្លាប់ទាហាននៅតាមស្រុកមួយចំនួន។

ប្រទេសហ្គាំបៀ បានប្តឹងប្រទេសមីយ៉ាន់ម៉ាទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់ថា ភាពឃោឃៅដែលយោធាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាអំពើប្រល័យពូជសាសន៍និងប្រឆាំងមនុស្សជាតិ។ប្រទេសហ្គាំបៀ ប្តឹងក្នុងនាមអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)

ជុំវិញរឿងក្តីនេះ ICJ បានចោទប្រកាន់ថា សកម្មភាពរបស់មីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាគឺជាអំពើប្រល័យពូជសាសន៍ ពីព្រោះពួកគេមានបំណងបំផ្លាញក្រុមរ៉ូហ៊ីងយ៉ាទាំងមូលឬមួយផ្នែក។

ដោយឡែក មីយ៉ាន់ម៉ាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវសកម្មភាពបំផ្លាញក្រុមរ៉ូហ៊ីងយ៉ា ក្នុងករណីរកឃើញភស្តុតាងគ្រប់គ្រាន់៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង