TOP NEWS: ព្រះមហាក្សត្រថៃថ្វាយព្រះរាជសាររំលែកទុក្ខថ្វាយព្រះមហាក្សត្រកម្ពុជាចំពោះការយាងសោយព្រះពិរាល័យ សម្តេចព្រះរៀមបុប្ផាទេវី

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ា ឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

ស្របគ្នានេះដែរ សម្តេចព្រះទេព មហាចក្រី សុីរិនថន ក៏បានថ្វាយកម្រងផ្កា ថ្វាយព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី តាមរយៈ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។

សូមជម្រាបថា តាមកម្មវិធីបុណ្យដែលបានគ្រោងទុក ព្រះរាជពិធីរំកិលព្រះរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឡើងលើទីនាំងរថយន្តបុស្បុក នឹងធ្វើឡើងនៅម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយដង្ហែតាមមហាវិថីនានា មុននឹងពិធីបូជាព្រះបរមសព នៅមុខវត្តបទុមវតី។

ពិធីដង្ហែព្រះសព ចេញពីសាលាធម្មសភា នឹងធ្វើឡើងមុននឹងឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតី ដោយក្បួនហែព្រះរមសព នឹងចេញដំណើរឆ្ពោះទៅកាន់មហាវិថីព្រះសុរាម្រឹត ទៅដល់មហាវិថីព្រះសុរាម្រឹត បត់ស្តាំ ទៅរកវិមានឯករាជ្យ ទៅដល់វិមានឯករាជ្យ បត់ឆ្វេងពីខាងលិចវិមានឯករាជ្យ ទៅរកមហាវិថីព្រះសីហនុ។ ទៅដល់មហាវិថីព្រះសីហនុ បត់ឆ្វេង ទៅរកមហាវិថីសម្តេចសុធារស។ ទៅដល់មហាវិធីសម្តេចសុធារស បត់ឆ្វេងទៅរកវិថីឧកញ៉ា ឈុន។ ទៅដល់ទន្ទឹមតុលាការកំពូល បត់ឆ្វេងតាមផ្លូវបេតុង ស្របនឹងវិថីឧកញ៉ា ឈុន។ ទៅដល់ពាក់កណ្តាលសួនច្បារ បត់ឆ្វេងតាមផ្លូវបេតុង កាត់ចំពាក់កណ្តាលសួន ទៅឈប់នៅខាងមុខព្រះមេរុ នៅខាងមុខវត្តបទុមវតីរាជវរារាម។

អំពីផែននានា នៃក្បួនហែព្របរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នាព្រឹកថ្ងៃទី២៥វិច្ឆិកា ឆ្នាំ២០១៩ ដោយក្បួនហែរៀបចំនៅលើវិថីឧកញ៉ា ស៊ូ ស្រ៊ន ខាងមុខវត្តបទុមវតីរាជវរារាម។ ក្បួនហែចែកជា ៦ផែន អមសងខាងផែនទាំង ៦ មានឆ្មាំកាន់ខ្សែពួរ ប្រវែង ២០០ម៉ែត្រម្ខាង ខ្មាន់ទង់នាគ ១៦ ទង់ហង្ស ១៦ ទង់មកករ ១៦ ផ្លិតចាមរ ១៦ បាយមន់ ១៦ ភូតាន ១៦ សែនត្វ័ន ១៦ ( មួយមុខ ១៦ ) និងទង់ក្អែប ១៦ នៅកន្ទុយខ្សែ។

សូមជម្រាបថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយព្រះពិរាល័យ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ ក្នុងប្រទេសថៃ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយរោគាពាធ។ ព្រះបរមសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានតម្កល់ធ្វើបុណ្យ នៅវត្តបុទុមវតី ជិតព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង