អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ធុរជនចិនដែលមានបំណងវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នំា២០១៩នេះ លោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន បានដឹកនាំធុរជនចិនចំនួន ២៥ ក្រុមហ៊ុនមកពីវិស័យផ្សេងៗដូចជា បច្ចេកវិទ្យា អេឡិកត្រូនិក អប់រំ មេកានិក អគ្គីសនី វេជ្ជសាស្រ្ត ខ្សែកាប អចលនទ្រព្យ សំណង់ និងវិស័យសណ្ឋាគារជាដើម ចូលមករកឱកាសវិនិយោគនៅកម្ពុជា។

ជំនួបពាណិជ្ជកម្មកម្ពុជាចិន ត្រូវបានរៀបចំធ្វើនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន និងការចូលរួមពីសមាជិកសភាពាណិជ្ជកម្ម និងធុរជនចិនជាច្រើនរូប។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទេ្វរភាគី ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេសការស្វែងរកចាប់ដៃគូវិនិយោគជាមួយនិងធុរកិច្ចកម្ពុជា និងអ្នកធុរជនចិន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបើកចំហរស្វាគមន៍ចំពោះលោក លូ ស៊ីនហ័រ ដែលបានចាប់អារម្មណ៍កម្ពុជា និងបាននាំធុរជនចិនជាច្រើនរូប ចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា សង្ឃឹមថា លោក លូ ស៊ីនហ័ និងរីករាយការស្នាក់នៅកម្ពុជា ហើយសភាពាណិជ្ជកម្មកម្ពុជា សប្បាយចិត្តបំផុត ចំពោះកិច្ចសហការការងារយ៉ាងជិតស្និទ្ធជាមួយធុរជនចិន ដែលមានបំណងស្វែងរកដៃគូជាមួយសភាពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធុរជនចិនជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជាមានទីតាំងល្អស្ថិតនៅចំកណ្តាលអាស៊ី និងជិតប្រទេសចិន ជាពិសេសកម្ពុជា មានស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ ក្នុងរង្វង់៧ភាគរយជារៀងរាល់ឆ្នាំ គួបផ្សំទៅនឹងកម្ពុជា បានផ្តល់ និងបើកឱកាសដ៏ទូលាយសម្រាប់វិនិយោគិនបរទេស។ ធុរជនចិន បានផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការវិនិយោគនៅកម្ពុជា ដែលមានវិស័យធំៗចំនួន៤ ដូចជា វិស័យកសិកម្ម រ៉ែ ថាមពល អចលនទ្រព្យ និងសំណង់ និងវិស័យទេសចរណ៍ជាដើម។

សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលកំពុងធ្វើ និងកំពុងសិក្សានៅកម្ពុជា ក៏ដូចជា កំពុងសាងសង់ផ្លូវល្បឿនលឿនតម្លៃ ២ពាន់លានដុល្លារអាមេរិក គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងគម្រោងអភិវឌ្ឍន៍តារាសាគរ ដែលមានទឹកប្រាក់ចំនួន៣,៨ ពាន់លានដុល្លារនៅខេត្ដកោះកុង រួមមាន អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងរមណីយដ្ឋានលំដាប់ខ្ពស់ៗជាច្រើន៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង