ប្រធានាធិបតីអាមេរិកផ្ញើលិខិតដែលសរសេរដោយផ្ទាល់ជាប្រវត្តិសាស្ត្រចំនួន២ ជូនសម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត អាមេរិក Patrick Murphy ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីថ្លែងឲ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម patrick murphy បាននាំ មកនូវលិខិត២ ផ្ទាល់ពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លិខិតទី ១ ស្ដីពីទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាមេរិច នឹងព្រះរាជាណាចក្រកម្ពុជា។

ឯលិខិតទី២ ស្ដីពីទំនាក់ទំនង រវាងអាស៊ាននិងសហរដ្ឋអាមេរិក។

ដែលលិខិតទាំងពីរនេះ ជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រដែល ប្រធានាធិបតីសហរដ្ឋអាមេរិក សរសេរលិខិតផ្ទាល់ ដែលមិនធ្លាប់មានពីមុនមក។

ចំពោះលិខិតទី ១ ជាខ្លឹមសាររួម គឺសហរដ្ឋអាមេរិក មានគោលបំណងចង់ធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា បន្តប្រសើរឡើងថែមទៀតនិងកើនឡើងថែមទៀត ចំណុចទី១នេះ សំខាន់ណាស់យើងមានកិច្ច សហប្រតិបត្តិការ ជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះសហរដ្ឋអាមេរិកមានបំណងចង់បន្តធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីនេះ មានការរីកចម្រើន ជាបន្តបន្ទាប់ថែមទៀត។ អ្វីដែលសំខាន់ គឺសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្ពុជា ជាពិសេស គោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយនឹងជួយកម្ពុជាក្នុងការការពារអធិបតេយ្យភាព ហើយជាពិសេសទៀតនោះ សហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឲ្យមានការប្ដូររបបនៅប្រទេសកម្ពុជាទេ។ ហើយជាពិសេសទៀតអ្វីដែលសំខាន់ គឺការបន្តធ្វើការជាមួយគ្នា ហើយលិខិតនេះមានចំណុចវិជ្ជមានជាច្រើន ដែលនឹងធ្វើសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ហើយក៏មានចំណុចដែលយើងត្រូវតែខិតខំបន្តធ្វើការជាមួយគ្នា ទៅលើចំណុចផ្សេងទៀត ដែលជាការបារម្ភហើយដែលកម្ពុជាកំពុងធ្វើការជាមួយសហរដ្ឋអាមេរិច ដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគីមានច្រើន ។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិចបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងទៀត ពោលគឺមុនឆ្នាំ១៩៥៣។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកក៏បានសម្ដែង ចូលរួមនូវការសោកស្ដាយ និងរំលែកមរណៈទុក្ខ ចំពោះការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាវីរជនវិស័យវប្បធម៌របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំដែងអំណរគុណដែលឯកអគ្គរដ្ឋទូតអាមេរិកបានចូលរួមរំលែកមរណៈទុក្ខនេះ ហើយដែលសម្ដេចចាត់ទុកថាការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេង។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្តម patrick murphy ដែលកន្លងមកនេះបានចូលរួមយ៉ាងសកម្មជាមួយបុណ្យជាតិរបស់កម្ពុជា ដូចជាកន្លងមកនេះបុណ្យអុំទូកជាដើម និងបានបន្តធ្វើការងារជាមួយមន្ត្រីកម្ពុជាកន្លងមក ដូចជាជាមួយសម្ដេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម។

ចំពោះលិខិតទី ២ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិច លិខិតនេះក៏ជាលិខិតផ្ទាល់ ដែលចុះហត្ថលេខា ដោយឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ដែរ ។ អ្វីដែលសំខាន់នៅក្នុងលិខិតនេះគឺឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ អញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានសហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិកនៅក្នុង ឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ។

ដោយសារអាមេរិក ជាដៃគូយុទ្ធសាស្ត្រ របស់អាស៊ាន សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចគាំទ្រ សហរដ្ឋអាមេរិក ដែលបានរៀបចំកិច្ចប្រជុំកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជាលក្ខណៈពិសេសនៅសហរដ្ឋអាមេរិកនេះ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា សម្ដេចគាំទ្រឲ្យមានកិច្ចប្រជុំនេះ ដើម្បីផលប្រយោជន៍ទាំងសងខាង ជាពិសេស ផលប្រយោជន៍អាស៊ានផងដែរ ហើយសម្ដេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីធ្វើយ៉ាងណា ឱ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ នៅក្នុងកិច្ចប្រជុំនេះ។ ហើយនៅក្នុងកិច្ចការនេះ សម្ដេចតេជោ មានគោលការណ៍ច្បាស់លាស់ នៅក្នុងការគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រ អាស៊ាន-សហរដ្ឋអាមេរិក បន្តរីកចម្រើន និងបន្តផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។

សម្ដេចតេជោ ហ៊ុន សែន ក៏គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសដ៏ល្អ សម្រាប់អាស៊ានបន្តធ្វើការងារជាមួយសហរដ្ឋអាមេរិក លើគ្រប់វិស័យ ដែលជាផលប្រយោជន៍របស់តំបន់អាស៊ានផងដែរ ។
ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងធ្វើលិខិតឆ្លើយតបចំពោះលិខិតទាំងពីររបស់ប្រធានាធិបតីអាមេរិកនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង